(ប៉េកាំង)៖ «ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត(Future Industry)ដូចជាជីវផលិតកម្ម ( Bio-manufacturing ) បច្ចេកវិទ្យាកង់ទិច និងប្រព័ន្ធ 6G ជាដើម ព្រមទាំងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល វិស័យឧស្សាហកម្មកម្មន្តសាល ធ្វើកិច្ចខិតខំប្រឹងប្រែងពេញទំហឹងក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី មានបំពាក់ឧបករណ៍ អាចតភ្ជាប់អ៊ីនធឺណិត ទូរស័ព្ទដៃនិងកុំព្យូទ័រវៃឆ្លាត និងមនុស្សយន្តវៃឆ្លាតជាដើម ដែលជាបរិក្ខារជំនាន់ចុងក្រោយ។» នេះជាការលើកឡើង ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ ដែលបើកធ្វើនាព្រឹកថ្ងៃទី ៥ ខែមីនានេះ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពោលគឺឈានចូលសម័យកាលដែលប្រើប្រាស់ បញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងវិស័យនានា។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចុងក្រោយ មិនត្រឹមតែបានផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានកែប្រែទម្លាប់រស់នៅរបស់ប្រជាជនផងដែរ។

ក្នុងបរិបទដែលពិភពលោកមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាខាងផលិតកម្ម ប្រសិនបើនៅតែប្រកាន់យកឧស្សាហកម្មប្រពៃណី ដោយគ្មានការច្នៃប្រឌិតថ្មីទេ នោះនឹងបាត់បង់កម្លាំងប្រកួតប្រជែងជាបណ្តើរៗ ហើយចុងបំផុតនឹងឈានទៅរកភាពអន់ថយ។ អាស្រ័យហេតុនេះ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតលើ ការធ្វើបរិវត្តកម្មឧស្សាហកម្មច្នៃប្រឌិតថ្មី និងឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។

តើអ្វីទៅជាឧស្សាហកម្មនាពេលអនាគត? និយាយឱ្យខ្លីគឺជាឧស្សាហកម្មងើបឡើងថ្មី ដែលគាំទ្រដោយបច្ចេកវិទ្យាឈានមុខ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបឋម ដែលមិនទាន់មានភាពប្រាកដប្រជា តែមានសក្តានុពលធំធេងនាពេលអនាគត។ ចាប់ពីជំនាន់បដិវត្តន៍ឧស្សាហកម្ម ៣.០ ដែលមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លាផ្នែកទូរគមនាគមន៍ ដែលយើងហៅថា យុគសម័យព័ត៌មានវិទ្យា រហូតដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬហៅថាយុគសម័យបញ្ញាសិប្បនិម្មិត នាពេលបច្ចុប្បន្ន ប្រទេសចិនបានរួមចំណែកមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍនៃឧស្សាហកម្មជំនាន់ថ្មីរបស់ពិភពលោក។

កាលពីឆ្នាំ ២០២៤ ប្រទេសចិនផលិតបានរថយន្តអគ្គិសនីលើសពី ១៣ លានគ្រឿង ដែលបាននាំចេញទៅកាន់ប្រទេស និងតំបន់ជាង ១០០ នៅលើពិភពលោក។ រថយន្តអគ្គិសនីរបស់ចិនមិនត្រឹមតែបានរួមចំណែកដល់ ការអភិវឌ្ឍបៃតងនិងកាបូនទាបរបស់ ប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ភាពងាយស្រួយនិងផាសុកភាព ជូនអ្នកប្រើប្រាស់តាមរយៈការបំពាក់សម្ភារៈទំនើបៗ និងមានដំឡើងឧបករណ៍អាចតភ្ជាប់ជាមួយអ៊ីនធឺណិត ដែលជាប្រភេទរថយន្តវៃឆ្លាតអាចប្រតិបត្តិ ដោយស្វ័យប្រវត្តិលើមុខងារមួយចំនួនធំ។

ដូចដែលយើងទាំងអស់បានដឹងស្រាប់ហើយថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត មិនអាចឃ្លាតឆ្ងាយពីប្រព័ន្ធទូរគមនាគមន៍នោះទេ ក្នុងនោះ ប្រព័ន្ធ 5G ដែលជាប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មី បានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ដែលតភ្ជាប់នវានុវត្តន៍ និងធុរកិច្ច។ សមត្ថភាពកសាងប្រព័ន្ធ 5G របស់ប្រទេសចិន មិនត្រឹមតែបានពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងនវានុវត្តន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបណ្តាប្រទេស ដែលខ្វះសមត្ថភាពនិងបច្ចេកទេសកសាងប្រព័ន្ធ 5G ឱ្យមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីកាន់តែងាយស្រួលក្នុងការតភ្ជាប់ជាមួយពិភពលោក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ 5G របស់ចិនដែលមានល្បឿនអ៊ីនធឺណិតលឿន បានធ្វើឱ្យពិភពលោកទាំងមូលតភ្ជាប់គ្នា កាន់តែជិតស្និទ្ធ ក៏ដូចជារួមចំណែកសំខាន់សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការធ្វើធុរកិច្ចឆ្លងប្រទេស និងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ។ល។ យ៉ាងណាមិញ ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ប្រទេសចិន ពិសេសប្រព័ន្ធ 6G បានបង្ហាញពីមហិច្ឆតារបស់ចិនដែលធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រទេសខ្លាំងក្លា ខាងនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជានឹងនាំមកនូវផលិតផលសាធារណៈ ដែលមានគុណភាពនិងប្រសិទ្ធភាពកាន់តែខ្ពស់ ជូនចំពោះពិភពលោកទាំងមូល។

សុខភាពរបស់ប្រជាជនជារឿងចម្បង ដូច្នេះ ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត មិនអាចខ្វះបានទេ នូវការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រ ។ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិន ដែលបានលើកឡើងពី ការផ្តោតលើការអភិវឌ្ឍជីវផលិតកម្ម ( Bio-manufacturing ) គឺជាការសិក្សាស្រាវជ្រាវថ្មីលើវិស័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលអាចនឹងឈានដល់បដិវត្តន៍វេជ្ជសាស្ត្រជំនាន់ថ្មី ដែលជា «ខែលការពារ» កាន់តែរឹងមាំសម្រាប់ការពារសុខភាពរបស់ មនុស្សជាតិនាពេលអនាគត។

ជានិច្ចកាល ប្រទេសចិនតែងតែរួមចំណែកជា «ផែនការចិន» សម្រាប់ចូលរួមដោះស្រាយបញ្ហាប្រឈមរួមជាសកល ឧទាហរណ៍ដូចជាការកាត់បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាតសកលជាដើម ។ ជាពិសេស ការអភិវឌ្ឍរបស់ចិនបាននាំមកនូវផលិតផលសាធារណៈជាច្រើន ដែលបម្រើផលប្រយោជន៍របស់មនុស្សជាតិទាំងមូល គេអាចជឿជាក់ថា ការអភិវឌ្ឍឧស្សាហកម្ម នាពេលអនាគតរបស់ប្រទេសចិន ប្រាកដជាអាចរួមចំណែកកាន់តែធំសម្រាប់ ការអភិវឌ្ឍនិងវិបុលភាពរួមរបស់ពិភពលោក នាថ្ងៃអនាគតជាក់ជាមិនខាន៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន