(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ៤ ខែមីនាតទៅ ភាគីអាមេរិកបានប្រកាសដំឡើងពន្ធគយ ១០ ភាគរយម្តងទៀតចំពោះផលិតផលចិន ដែលនាំចេញទៅសហរដ្ឋអាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ។ សំដៅចំពោះទង្វើអនុត្តរភាពរបស់អាមេរិក ដែលល្មើសនឹងក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងបំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបែបនេះ ភាគីចិនប្រឆាំងយ៉ាងដាច់ខាង ហើយមិនអត់ឱនជាដាច់ខាត។

ត្រឹមតែមួយថ្ងៃ ពីការដាក់ពាក្យប្តឹងភាគីអាមេរិកអំពីវិធានការដំឡើងពន្ធថ្មីបំផុត ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដល់ការដំឡើងពន្ធគយលើផលិតផលនាំចូលមួយចំនួន ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក រហូតដល់ការដាក់បញ្ចូលសហគ្រាសអាមេរិក ពាក់ព័ន្ធទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្ត បាននិងបញ្ជីឈ្មោះស្តីពីការរឹតបន្តឹង លើការនាំចេញ វិធានការតបតវិញរបស់ចិនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដែលជាទង្វើដ៏ត្រឹមត្រូវនិងចាំបាច់សម្រាប់គាំពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនទាំងស្រុង។
មជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាប្រទេសផលិត និងប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីល ច្រើនជាងគេនៅលើពិភពលោក ។ បើនិយាយពីឫសគល់ ការប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីល យ៉ាងអនាធិបតេយ្យគឺជា "វិបត្តិក្នុងស្រុក" អាមេរិក ។ លោក Dan Steinbock ស្ថាបនិកនៃស្ថាប័នប្រឹក្សាយោបល់សកល Difference Group បានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា រដ្ឋាភិបាលអាមេរិកចូលចិត្តស្វែងរក "អ្នកទទួលកំហុសជំនួសគេ" នៅបរទេសលើបញ្ហាថ្នាំហ្វេនតានីល ប៉ុន្តែពួកគេមិនបានសម្គាល់ឃើញថា វិបត្តិគ្រឿងញៀនត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក ព្រមទាំងបង្កើតផលចំណេញយ៉ាងច្រើន។

នៅថ្ងៃទី ៤ ខែមីនា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន» ដើម្បីអធិប្បាយប្រកបដោយកិត្យានុភាព អំពីការងារជាច្រើននិងបទពិសោធ ខាងការច្នៃប្រឌិតថ្មីរបស់ចិន ក្នុងការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីល និងបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីល ជាដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិក ក្នុងការឆ្លើយតបនឹងបញ្ហាថ្នាំហ្វេនតានីល ដោយឈរលើស្មារតីមនុស្សធម៌ ។ យ៉ាងណាមិញ ភាគីអាមេរិកមិនត្រឹមតែមិនដឹងគុណប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាលាបព័ណ៌ និងទម្លាក់កំហុសមកលើប្រទេសចិនថែមទៀត ព្រមទាំងគាបសង្កត់និងបោកប្រាស់ភាគីចិន តាមរយៈការដំឡើងពន្ធគយដែលជា ទង្វើយកទោសទៅសងគុណ។

ក្នុងនាមជាវិធានការតបតវិញមួយ លើកនេះ ប្រទេសចិនបានប្រកាសដំឡើងពន្ធគយ ១០ ភាគរយនិង ១៥ ភាគរយលើកសិផលមួយចំនួន ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ។ ប្រទេសចិនគឺជាទីផ្សារបរទេសដ៏ធំបំផុត នៃសណ្តែកសៀងរបស់សហរដ្ឋអាមេរិក ការអនុវត្តវិធានការតបតវិញរបស់ចិនលើកនេះ មុខជានឹងបង្កជាផលប៉ះពាល់ ដល់ការនាំចេញ កសិផលអាមេរិកទៅប្រទេសចិនជាក់ជាមិនខាន។

ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ម្តងហើយម្តងទៀតថា ការដំឡើងពន្ធគយមិនមែនជា ថ្នាំស័ក្តសិទិ្ធទេ ។ ធាតុពិតនៃសង្គ្រាមពន្ធគយគឺជា "ល្បែងបំផ្លាញផលប្រយោជន៍របស់ខ្លួនឯង" ការវាយតម្លៃរបស់កាសែត«The New York Times» នេះត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតក្នុងសង្គមអាមេរិក ។ បើសិនភាគីអាមេរិកពិតជាចង់ ដោះស្រាយបញ្ហាថ្នាំហ្វេនតានីល នោះក៏ត្រូវធ្វើការពិគ្រោះពិភាក្សាជាមួយភាគីចិនដើម្បីដោះស្រាយកង្វល់រៀងៗខ្លួន ដោយផ្អែកលើមូលដ្ឋានសមភាព ។ តែបើអាមេរិកមានចេតនាផ្សេងទៀត ហើយទទូចធ្វើសង្គ្រាមពន្ធគយ នោះភាគីចិនមានតែឆ្លើយតប ដោយពាក្យសម្តីមួយម៉ាត់ថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយូទ្ធ ចិននឹងកំដរដល់ទីបញ្ចប់៕

វិទ្យុមិត្តភាពកម្ពុជាចិន