(តូក្យូ)៖ ព្រះរាជវាំងជប៉ុនបានប្រកាសថា ព្រះបិតុលារបស់ព្រះចៅអធិរាជជប៉ុនAkihito ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតហើយក្នុងព្រះជន្មាយុ ១០០ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍នេះដោយបន្សល់ទុកអ្នក ស្នងរាជ្យបួនព្រះអង្គសម្រាប់ស្នងរាជបល្ល័ង Chrysanthemum។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានChannel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតនៅចំពេលដែលគេកំពុងរំពឹងទុកថា អាចនឹងមានការផ្លាស់ប្ដូរ អានាគតគ្រួសារព្រះចៅអធិរាជជប៉ុន ព្រមទំាងការកែប្រែប្រពៃណីជប៉ុនជិត ២,៦០០ឆ្នាំមកនេះ ដែលអ្នកស្នង រាជ្យសុទ្ធតែជាមនុស្សប្រុស ពោលគឺអាចទេដែលគ្រួសាររាជវង្សជាស្រ្តីអាចឡើងស្នងរាជ្យ ខណៈព្រះចៅ អធិរាជជប៉ុន Akihito កាលពីខែសីហា កន្លងទៅ បានបង្ហាញពីគោលបំណងរបស់ទ្រង់ក្នុងការដាក់រាជ្យ ដោយ សារតែមានការព្រួយបារម្ភមិនអាចបំពេញរាជ្យកិច្ចបាន ស្របពេលទ្រង់មានព្រះជន្ម ៨២ព្រះវស្សាទៅហើយ។
គួរបញ្ជាក់ថាព្រះអង្គម្ចាស់ Mikasa បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យទីក្រុងតូក្យូ កាលពីពាក់កណ្ដាល ខែឧសភា បន្ទាប់ពីមានជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែអការៈរបស់ទ្រង់មិនប្រសើរឡើងនោះឡើយ ទើបទ្រង់សោយទិវង្គតនាពេលនេះ៕