(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានតែងតាំងអ្នកការទូតជើងចាស់ម្នាក់ គឺលោក Alexander Darchiev ឱ្យធ្វើជាឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៉ីនតោន ដើម្បីដឹកនាំការសន្ទនាគ្នា ដែលបានធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុបនិងអ៊ុយក្រែន មានការភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។

លោក Darchiev អាយុ ៦៤ឆ្នាំ ធ្លាប់បានបម្រើការនៅស្ថានទូតរុស្ស៉ីនៅទីក្រុងវ៉ាស៉ីនតោន អស់រយៈពេលជាយូរមកហើយ និងធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំនៅកាណាដា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ភ្លើងបៃតង នៅក្នុងកិច្ចប្រជុំរវាងក្រុមមន្ត្រីរុស្ស៊ី និងអាមេរិកនៅតួកគី ដើម្បីតែងតាំងលោក Darchiev ដែលមានតួនាទីជាប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការអាមេរិកខាងជើង របស់ក្រសួងការបរទេសរុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងវ៉ាស៉ីនតោន មានបញ្ហាលើការងារទូតជាបន្តបន្ទាប់ ជុំវិញបុគ្គលិក និងទ្រព្យសម្បត្តិស្ថានទូត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលរុស្ស៉ីនិយាយថា ធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង។ ចាប់តាំងពី លោក Anatoly Antonov លាឈប់ពីតំណែង រុស្ស៉ីមិនមានឯកអគ្គរដ្ឋទូតនៅទីក្រុងវ៉ាស៉ីនតោនឡើយ៕