(វ៉ាស៉ីនតោន)៖ អ្នកការទូតរាប់រយនាក់នៅក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ (USAID) បានសរសេរលិខិតមួយជូន រដ្ឋមន្រ្តីការបរទេស លោក Marco Rubio ដើម្បីជំទាស់ទៅនឹងការរុះរើ USAID ដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំ និងសន្តិសុខរបស់សហរដ្ឋអាមេរិក បង្កើតភាពខ្វះចន្លោះជុំវិញឥទ្ធិពលរបស់ខ្លួន ដែលអាចអំណោយផលសម្រាប់ចិន និងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។

ក្រុមអ្នកការទូតនិយាយថា ចាប់ពីថ្ងៃទី២០ ខែមករា រដ្ឋបាលលោក ត្រាំ បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់ ក៏បង្កគ្រោះថ្នាក់ដល់មន្ត្រីការទូតអាមេរិក និងកងកម្លាំងនៅបរទេសផងដែរ ខណៈដែលមានហានិភ័យ ចំពោះអាយុជីវិតមនុស្សរាប់លាននាក់នៅបរទេស ដែលពឹងផ្អែកលើជំនួយរបស់អាមេរិក។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មនុស្សជាង ៧០០នាក់ បានចុះហត្ថលេខាលើលិខិតនោះ។ តាមលិខិតដែល Reuters ទទួលបាន ការសម្រេចចិត្តបង្កក បញ្ចប់កិច្ចសន្យាផ្តល់ជំនួយ និងគម្រោងហិរញ្ញប្បទានបរទេស ដោយគ្មានការពិនិត្យត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ភាពជាដៃគូជាមួយសម្ព័ន្ធមិត្តសំខាន់ៗ លុបបាត់នូវការជឿទុកចិត្ត និងបង្កើតចន្លោះប្រហោងឱ្យសត្រូវពង្រីកឥទ្ធិពល។

គួរបញ្ជាក់ថា នៅពេលឡើងកាន់តំណែង នាថ្ងៃទី២០ ខែមករា លោក ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យផ្អាកជំនួយបរទេសទាំងអស់រយៈពេល៩០ថ្ងៃ ដើធ្វើការត្រួតពិនិ្យឡើងវិញ។ បទបញ្ជាប្រតិបត្តិនេះ បានបញ្ឈប់ដំណើរការនៃ USAID នៅទូទាំងពិភពលោក។

នៅពេលវាយតម្លៃគម្រោងហិរញ្ញប្បទានបរទេសចំនួន ៦ ២០០ ប្រចាំឆ្នាំ រដ្ឋបាលអាមេរិក បានសម្រេចចិត្តលុបបំបាត់វាជិត ៥ ៨០០គម្រោងដែលមានតម្លៃ ៥៤ពាន់លានដុល្លារ ដែលជាការកាត់បន្ថយរហូតដល់ ៩២ភាគរយឯណោះ។ តាមអ្នកនាំពាក្យក្រសួងការបរទេស មានមន្រ្តី បុគ្គលិក USAID រាប់ពាន់នាក់ ត្រូវបានបណ្តេញចេញ ឬដាក់ឱ្យឈប់សម្រាកបណ្តោះអាសន្ន៕