(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសបារាំង លោក Sebastien Lecornu បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ថា បារាំងកំពុងជួយផ្តល់ព័ត៌មានសម្ងាត់ឱ្យទៅអ៊ុយក្រែន ក្រោយការផ្អាករបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែន ខណៈការប្រកាសបែបនេះធ្វើឡើង ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការផ្តល់ជំនួយយោធាទាំងអស់ឱ្យទីក្រុងកៀវ។ សកម្មភាពទាំងនេះ ត្រូវគេមើលឃើញថា គឺជាការដាក់សម្ពាធរបស់អាមេរិក ដើម្បីបង្ខំឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី យល់ព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបើកកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ដែលបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងប៉ារីសបើកទ្វារចំហ ចំពោះការពិភាក្សាអំពីលទ្ធភាពពង្រីកឆត្រអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារដៃគូនៅអឺរ៉ុប ចំពោះមុខការគំរាមកំហែងពីរុស្ស៉ី។ លោក Macron បានថ្លែងបែបនោះ មុនកិច្ចប្រជុំកំពូលមួយរវាងបណ្តាមេដឹកនាំអឺរ៉ុប ដែលត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាអ៊ុយក្រែន និងវិស័យការពារជាតិ៕