Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នូវែលសេឡង់ ដកតំណែងឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ក្រោយហ៊ានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Video inside)

06-03-2025 14:24

(វែលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បានឱ្យដឹងថា លោកបានដកតំណែង ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំចក្រភពអង់គ្លេស បន្ទាប់ពីអគ្គរាជទូតរូបនោះ បានធ្វើការអត្ថាធិប្បាយមួយ ដែលមានខ្លឹមសាររិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters។

ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំចក្រភពអង់គ្លេស លោក Phil Goff បានធ្វើការអត្ថាធិប្បាយ អំឡុងវេទិកាមួយនៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលត្រូវបានមើលឃើញ ហាក់បានចោទសួរអំពីការយល់ដឹងប្រវត្តិសាស្រ្តរបស់លោក ត្រាំ ដោយបង្ហាញអំពី​ភាពខុសគ្នារវាងការខិតខំស្តារទំនាក់ទំនងរបស់លោក ត្រាំ ជាមួយរុស្ស៉ី ហើយនិងសកម្មភាពរបស់ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Winston Churchill ដែលបានប្រយុទ្ធតស៊ូជាមួយរបបណាហ្ស៉ីអាល្លឺម៉ង់។

លោក Goff បានសួរថា «លោកប្រធានាធិបតី ត្រាំ បានស្តាររូបសំណាក លោក Churchill នៅការិយាល័យ Oval Office វិញ ប៉ុន្តែតើអ្នកគិតថា លោក ត្រាំ ពិតជាយល់ដឹងច្បាស់អំពីប្រវត្តិសាស្រ្តដែរឬទេ?»។ ប្រមុខការទូតនូវែលសេឡង់ លោក Peters បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Goff គួរឱ្យខកបំណងជាខ្លាំង ខណៈវាមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលនូវែលសេឡង់នោះទេ និងធ្វើឱ្យតួនាទីរបស់លោក ក្នុងនាមជាឯកអគ្គរាជទូតប្រចាំនៅ​ទីក្រុងឡុងដ៍ មិនអាចរក្សាបានឡើយ។

គួរបញ្ជាក់ថា លោក Goff ត្រូវបានតែងតាំងជា ឯកអគ្គរាជទូតនូវែលសេឡង់ ប្រចាំចក្រភពអង់គ្លេស កាលពីឆ្នាំ២០២៣៕