(ហ៊្សេរុយសាឡិម)៖ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធថ្មីរបស់អ៉ីស្រាអែល លោក Eyal Zamir បាននិយាយអំឡុងពិធីចូលកាន់តំណែង កាលពីថ្ងៃពុធសប្តាហ៍នេះថា បេសកកម្មកម្ចាត់ក្រុមហាម៉ាស មិនទាន់ចប់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។
នៅឯពិធីនោះ លោក Zamir គូសបញ្ជាក់ថា «ខ្ញុំទទួលយកបទបញ្ជាយោធា ដោយឆន្ទៈស្មោះស្ម័គ្រ។ ហាម៉ាស ពិតជាបានរងការវាយប្រហារធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់សាកសមទេ។ បេសកកម្មរបស់យើង នៅមិនទាន់សម្រេចឡើយ»។
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែលប្តេជ្ញាសម្រេចឱ្យបានជ័យជម្នះ ក្នុងសង្គ្រាមពហុទិស ដែលផ្តើមឡើងដោយសារតែការវាយប្រហារ នៅខែតុលា ឆ្នាំ ២០២៣ របស់ពួកហាម៉ាស។ លោក Netanyahu បញ្ជាក់ថា «នឹងមានការទទួលខុសត្រូវដ៏ធ្ងន់មួយ នៅលើស្មារបស់អ្នក (លោក Zamir) លទ្ធផលនៃសង្រ្គាម មានសារៈសំខាន់ច្រើនជំនាន់ទៅមុខ យើងប្តេជ្ញាថានឹងសម្រេចឱ្យបានជ័យជម្នះ»។
គួរបញ្ជាក់ថា លោក Zamir ដែលជាអតីតមេបញ្ជាការរថក្រោះ ត្រូវមកកាន់តួនាទីដឹកនាំយោធាអ៉ីស្រាអែល ប្រយុទ្ធជាមួយក្រុមហាម៉ាស ស្របពេលបទឈប់បាញ់ដែលបានចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា កំពុងជាប់គាំង។ លោក Zamir អាយុ ៥៩ឆ្នាំ ក៏នឹងចូលដឹកនាំប្រតិបត្តិការនៅតំបន់ West Bank ជាទីដែលយោធាអ៉ីស្រាអែលបានដាក់ពង្រាយរថក្រោះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ៕