(សេអ៊ូល)៖ មន្ត្រីកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានរងរបួស នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនានេះ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំតំបន់ទីប្រជុំជនមួយ ដោយបណ្ដាលឱ្យផ្ទះជាច្រើនខ្នង និងវិហារគ្រឹស្តមួយរងការខូចខាត អំឡុងការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងទីក្រុង Pocheon។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីម្នាក់មកពីអង្គភាពពន្លត់អគ្គិភ័យ Gyeonggi-do Bukbu Fire Services បានបញ្ជាក់ទៀតថាក្នុងចំណោមមនុស្សទាំង៨នាក់ដែលបានរងរបួស មាន៤នាក់រងរបួសធ្ងន់ធ្ងរ។ ទីក្រុង Pocheon ស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីភាគឦសានទីក្រុងសេអ៊ូល និងស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងជើង។ មន្ត្រីនេះដដែលបន្ថែមថាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យសង្ស័យថាគ្រាប់ផ្លោងដែលបានធ្លាក់ក្នុងទីក្រុង Pocheon គឺមានប្រភព ចេញពីទីតាំងធ្វើសមយុទ្ធយោធារួមគ្នាបាញ់គ្រាប់ពិតមួយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ពីប្រភេទគ្រាប់ផ្លោងនេះនោះទេ។ ប៉ុន្តែមានការសង្ស័យថាគ្រាប់ផ្លោងនោះទំនងជាត្រូវបាញ់ចេញពី យន្ដហោះចម្បាំងមួយគ្រឿង ក្នុងពេលធ្វើសមយុទ្ធ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា បាននិយាយថាកងទ័ពកូរ៉េខាងត្បូង និងអាមេរិក បាន និងកំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាក្នុងទីក្រុង Pocheon ដែលមានជាប់ ពាក់ព័ន្ធនឹងសមយុទ្ធយោធាប្រចាំឆ្នាំដែលគ្រោងនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ៕