(ឥណ្ឌូណេស៊ី)៖ តំបន់អាស៊ីអាគ្នេយ៍អាចនឹងក្លាយជាមូលដ្ឋានរបស់ក្រុម ISIS នៅពេលអនាគតនៅក្នុងករណី ពួកគេបាត់បង់មូលដ្ឋាននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមរបាយការណ៍របស់ Institute of Policy Analysis of Conflict ឬហៅកាត់ថា IPAC ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៦។
យោងតាមរបាយការណ៍មានចំណងជើងថា IPAC Report ៣៣ នៃវិទ្យាស្ថាន IPAC មានមូលដ្ឋាននៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងតំបន់ក្បែរខាងជាច្រើន អាចនឹងប្រឈមមុខនឹងការបង្កើត នឹងគោលដីថ្មីរបស់ ISIS ត្បិតគេធ្លាប់បានដឹងហើយថា តំបន់ភាគខាងត្បូងហ្វីលីពីនគឺជាជម្រករបស់ពួក ឧទ្ទាម Abou Sayyaf ដែលបានស្បថដើរតាមមាគ៌ាពួក ISIS កាលពីឆ្នាំ២០១៤ ដូច្នេះចង់ ឬមិនចង់វាបាន ក្លាយជាមូលដ្ឋានអ្នកគំាទ្រ ISIS នៅក្នុងប្រទេសហ្វីលីពីនរួចស្រេចទៅហើយ។
ជាងនេះទៅទៀតក្រុមភេរវករ នៅភាគខាងត្បូងហ្វីលីពីន បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹង ពួកភេរវករនៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ឬនៅភាគខាងត្បូង ប្រទេសថៃ ក្នុងបរិបទដែលពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់កំពុងបាត់បង់មូលដ្ឋានជាបន្តបន្ទាប់។
បន្ថែមពីនេះភេរវករនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពិបាកចូលទៅ កាន់តំបន់មជ្ឈិមបូព៌ាដោយសារ ប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភេរវកម្ម មានសភាពខ្លាំងក្លាដូច្នេះពួកគេ អាចនឹងស្វែងរកការបង្កើតមូលដ្ឋានថ្មីមួយនៅក្នុងតំបន់តែម្ដង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី អាចនឹងប្រឈមុខខ្លំាងជាងគេ ចំពោះការគំរាមកំហែងពីសំណាក់ពួកភេរវករ នៅតំបន់អាស៊ីអាគ្នេយ៍៕