(AFP)៖ នាយករដ្ឋមន្ត្រីនៃដែនដី Greenland លោក Mute Egede កាលពីថ្ងៃពុធ ទី៥ ខែមីនា បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់កាន់កាប់ដែនដី ក្នុងតំបន់អាក់ទិក មួយនេះ ដោយទទូចថាប្រជាជន Greenland មើលមិនឃើញពីអនាគតរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ឬដាណឺម៉ាកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រតិកម្មរបស់លោក Mute Egede កើតមានឡើងក្រោយលោក ត្រាំ បានសន្យាជាថ្មីអំឡុងថ្លែងសុន្ទរកថាទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារថាលោកនឹងយកដែនដី Greenland ឱ្យបាន ដោយសំអាងថាសហរដ្ឋអាមេរិកត្រូវការដែនដីមួយនេះដើម្បីសន្តិសុខជាតិ។ «យើងមិនចង់ក្លាយជាជនជាតិអាមេរិក ឬដាណឺម៉ាកនោះទេ។ យើងគឺជាជនជាតិ Greenland ហើយប្រជាជនអាមេរិក និងមេដឹកនាំរបស់ពួកគេ ត្រូវតែយល់ពីរឿងនេះ»។ នេះជាការគូសបញ្ជាក់របស់លោក Mute Egede ក្នុងការបង្ហោះមួយលើ Facebook ដោយបន្តថា «យើងមិនមែនសម្រាប់លក់ឡើយ។ អនាគតរបស់យើង នឹងត្រូវបានសម្រេច ដោយពួកយើងដែលរស់នៅលើដែនដី Greenland»

គួរបញ្ជាក់ថា អំឡុងថ្លែងសុន្ទរកថាទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក លោក ត្រាំ បាននិយាយថាលោកចង់ផ្ញើសារមួយទៅកាន់ប្រជាជនដ៏អស្ចារ្យនៃដែនដី Greenland ជាមួយការបន្ថែមថា «យើងគាំទ្រយ៉ាង ពេញទំហឹងចំពោះសិទ្ធិរបស់អ្នកក្នុងការសម្រេចពីអនាគត់របស់អ្នក តែប្រសិនបើអ្នកធ្វើការជ្រើសរើស នោះយើងនឹងស្វាគមន៍អ្នកចូលមករួមរស់ជាមួយសហរដ្ឋអាមេរិក»។ ប៉ុន្តែ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងមិនបោះបង់ចោលទេ ប្រសិនបើការបញ្ចុះបញ្ចូលទទួលបរាជ័យ ហើយថាលោកនឹងយក Greenland តាមមធ្យោបាយផ្សេង៕