(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe បានឱ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែមីនា ថាសហរដ្ឋអាមេរិកបានផ្អាកការចែករំលែកការស៊ើបការណ៍សម្ងាត់ ជាមួយអ៊ុយក្រែន បន្ទាប់ពីមានសង្រ្គាមពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ និងលោក ហ្សេលេនស្គី បានប៉ះសម្ដីគ្នាខ្លាំងនៅឯសេតវិមានកាលពីសប្ដាហ៍មុន ហើយនៅដើមសប្ដាហ៍នេះលោក ត្រាំ បានបញ្ជាឱ្យផ្អាកការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ លោក Ratcliffe បានទទួលស្គាល់ថាការចែករំលែកការស៊ើបការណ៍សម្ងាត់ក៏ត្រូវបានផ្អាកផងដែរ។ «លោកប្រធានាធិបតី ត្រាំ មានបញ្ហាជាក់ស្ដែងមួយថាតើលោកប្រធានាធិបតី ហ្សេលេនស្គី ពិតជាមាន ការប្ដេជ្ញាចិត្តចំពោះដំណើរការស្វែងរកសន្តិភាពឬក៏យ៉ាងណា?»។ នេះជាការបញ្ជាក់របស់លោក Ratcliffe ប្រាប់ទូរទស្សន៍ Fox News។ ប៉ុន្តែ នាយក CIA​ រូបនេះបន្ថែមថាការផ្អាកការផ្ដល់ជំនួយ យោធា ​និងការស៊ើបការណ៍សម្ងាត់ ធ្វើឡើងបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថាសហរដ្ឋអាមេរិកនឹងធ្វើការដោយប្រកៀកស្មាគ្នាសាជាថ្មីជាមួយអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រោយការប៉ះសម្ដីគ្នានៅសេតវិមាន លោក ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថារូបលោកទទួលបានលិខិតមួយពីលោក ហ្សេលេនស្គីដែលបានប្រាប់រូបលោកថាទីក្រុងកៀវបានត្រៀមខ្លួន ជាស្រេចដើម្បីចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី និងចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក៕