(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានចាប់ផ្ដើមប្រើធម៌ក្ដៅ នៅក្នុងកិច្ចប្រឹងប្រែងរបស់លោកដើម្បីគំរាម និងបង្ខំឱ្យអ៊ុយក្រែនយល់ព្រមចរចាសនិ្តភាពជាមួយរុស្ស៉ី តាមរយៈការផ្អាកការផ្ដល់ជំនួយយោធា ជាបណ្ដោះអាសន្នកាលពីថ្ងៃអង្គារ ទី៤ ខែមីនា ដែលត្រូវចូលជាធរមានភ្លាមៗ។ លោក ត្រាំ មិនបានពន្យល់លម្អិតពីការសម្រេចចិត្តរបស់លោកឡើយ ក្រៅតែពីនិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនចង់បានសន្តិភាព។ តាមក្រុមមន្ត្រីអាមេរិក ការផ្អាកការផ្ដល់ជំនួយយោធានេះនឹងត្រូវបន្តអនុវត្ត រហូតទាល់តែលោក ត្រាំ សម្រេចចិត្តថាលោក ហ្សេលេនស្គីមានការប្ដេជ្ញាចិត្តគ្រប់គ្រាន់ចំពោះកិច្ចចរចាសន្តិភាព។

លោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារ បាននិយាយថាការឈ្លោះប្រកែកគ្នាជាមួយលោក ត្រាំ នៅឯសេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាការគួរឱ្យសោកស្ដាយ ហើយថារូបលោក និងក្រុមការងាររបស់លោក បានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើការនៅក្រោមការដឹកនាំដ៏រឹងមាំរបស់លោក ត្រាំ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។

* តើការផ្អាកជំនួយយោធាមានន័យយ៉ាងណាចំពោះអ៊ុយក្រែន?
បទបញ្ជារបស់លោក ត្រាំ នឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ លោក Oleksiy Melnyk ជាអ្នកវិភាគខាងសន្តិសុខអន្តរជាតិម្នាក់ និងជាអតីតមន្ត្រីនៃ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថាបច្ចុប្បន្ន ជំនួយយោធាអាមេរិករ៉ាប់រងប្រហែល ៣០ភាគរយនៃអាវុធ និងគ្រាប់រំសេវដែលអ៊ុយក្រែនត្រូវការជាចាំបាច់។ ដូច្នេះការផ្អាកជំនួយយោធា ពិតជាបង្កផលវិបាកសម្រាប់អ៊ុយក្រែន ជាពិសេសក្នុងពេលដែលអ៊ុយក្រែនកំពុងប្រឈមការខ្វះខាតអាវុធ និងគ្រាប់រំសេវ ហើយស្ថានការណ៍សមរភូមិអ៊ុយក្រែនតែងតែលំបាកជារឿយៗ នៅពេលការផ្ដល់ជំនួយយោធា ពីលោកខាងលិចមានការយឺតយ៉ាវ ឬថយចុះ។

លោកស្រី Kateryna Stepanenko ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (Institute for the Study of War) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថាការសម្រេចចិត្តរបស់ លោក ត្រាំ ពិតណាស់នឹងបង្កផលវិបាក តែរុស្ស៉ីក៏ទំនងជានឹងមិនអាចទម្លុះខ្សែការពារអ៊ុយក្រែនបានភ្លាមៗ ឬក្នុងពេលប៉ុន្មានខែខាងមុខនោះទេ។ លោកស្រីបន្ថែមថាអ៊ុយក្រែននឹងមានសមត្ថភាពការពារទប់ទល់ ដូចដែលគេធ្លាប់បានឃើញ អ៊ុយក្រែនបានធ្វើ ក្នុងពេលដែលជួបបញ្ហារឿងជំនួយ តួយ៉ាងដូចជាការយឺតយ៉ាវក្នុងការអនុម័តជំនួយយោធាដោយសភាអាមេរិកកាលពីឆ្នាំ២០២៤។ ប៉ុន្តែ សម្រាប់អតីតវរសេនីយឯក កងទ័ពអាកាសអាមេរិក និងជាអ្នកវិភាគខាង យោធាឱ្យទូរទស្សន៍ CNN លោក Cedric Leighton បាននិយាយថាផលវិបាកដោយសារតែការផ្អាកជំនួយយោធាអាចនឹងកើតឡើងភ្លាមៗនៅឯសមរភូមិជួរមុខ ដោយអ៊ុយក្រែននឹងត្រូវសន្សំសំច្ចៃការប្រើប្រាស់គ្រាប់កាំភ្លើងធំ ដែលនេះអាចនឹងធ្វើឱ្យពួកគេពិបាកក្នុងការការពារទីតាំងរបស់ខ្លួន ដូចជាទីក្រុង Pokrovsk ដែលបានក្លាយជាគោលដៅចម្បងនៃការវាយលុករបស់ កងទ័ពរុស្ស៉ីចាប់តាំងពីរដូវក្ដៅឆ្នាំមុនមក។

* ហេតុអ្វីលោក ត្រាំ ផ្អាកផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន?
លោក ត្រាំ កំពុងព្យាយាមបង្ខំឱ្យអ៊ុយក្រែនចូលតុចរចាសន្តិភាពជាមួយរុស្ស៉ី ដោយមិនមានការប្ដេជ្ញាចិត្តផ្ដល់ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវឡើយ។ លោក ហ្សេលេនស្គី បានព្យាយាមពន្យល់ថាកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមិនមានការធានាសន្តិសុខ គឺជាមហន្តរាយសម្រាប់អ៊ុយក្រែន ដោយអះអាងថាលោក ពូទីន ធ្លាប់បានបំពានលើបទឈប់បាញ់នាពេលកន្លងមក។ លោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីផែនការសន្តិភាពរបស់លោកទេ តែលោកធ្លាប់បាននិយាយថាអ៊ុយក្រែននឹងត្រូវធ្វើសម្បទានទឹកដី ហើយរូបលោកថែមទាំងធ្លាប់និយាយទៀតផងថា អ៊ុយក្រែនអាចនឹងក្លាយជាកម្មសិទ្ធិរបស់រុស្ស៉ីនៅថ្ងៃណាមួយ។ បើស្ដាប់ពាក្យពេចន៍ទាំងនេះ វាហាក់ដូចជា ការសុំចុះចាញ់។ លោក John Lough ជាប្រមុខគោលនយោបាយការបរទេសមកពីវិទ្យាស្ថានស្រាវជ្រាវ New Eurasian Strategies Centre យល់ថាលោក ហ្សេលេនស្គីនឹងមិនអាចទទួលយកសំណើរបៀបនេះនោះឡើយ។

«ខ្ញុំពិតជាមិនដឹងនោះទេថាតើអ្វីទៅដែលលោក ហ្សេលេនស្គី កំពុងចង់ប្រាប់ទៅកាន់សហរដ្ឋអាមេរិក? ពោលគឺថាតើជាឃ្លាទាំងនេះ៖ ខ្ញុំនឹងបោះបង់ចោលទឹកដីរបស់យើង ខ្ញុំនឹងយល់ព្រមធ្វើតាមលក្ខខណ្ឌគ្រប់យ៉ាងដែលអ្នក បានពិភាក្សាជាមួយរុស្ស៉ី? នៅទីនេះខ្ញុំចង់បានន័យថាវាជារឿងមិនទំនង។ ពួកគេ (អ៊ុយក្រែន) មិនអាចធ្វើ ហើយក៏នឹងមិនធ្វើរឿងបែបនេះនោះដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក​ John Lough។

* តើអ៊ុយក្រែនមានជម្រើសអ្វីខ្លះ ក្នុងពេលឥលូវ?
តាមលោកស្រី Kateryna Stepanenko ជម្រើសដ៏ល្អបំផុតរបស់អ៊ុយក្រែន នោះគឺផ្ដោតលើការពង្រឹងទំនាក់ទំនង និងក្រុមចម្រុះរបស់ខ្លួនជាមួយអឺរ៉ុប។ លោកស្រី Stepanenko បន្តថាអ៊ុយក្រែនមានមូលដ្ឋានធ្វើការដ៏ល្អប្រសើរ មួយរួចទៅហើយ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបជាមួយការបង្កើតគំនិតផ្ដួចផ្ដើមជាច្រើន។ ជាឧទាហរណ៍៖ ប្រទេសអឺរ៉ុបជាច្រើនបានបង្កើតគំនិតផ្ដួចផ្ដើមគ្រាប់រំសេវ គំនិតផ្ដួចផ្ដើមដ្រូន និងគំនិតផ្ដួចផ្ដើម ប្រព័ន្ធការពារដែនអាកាស។ ដូច្នេះនេះជាពេលត្រូវពង្រីកគំនិតផ្ដួចផ្ដើមទំាងនេះបន្ថែម។ ក្រៅពីនេះ ក៏មានផងដែរកិច្ចពិភាក្សាអំពីតម្រូវការក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៉ីដែលត្រូវបានបង្កកនៅតាមបណ្ដាធនាគារអឺរ៉ុប ដើម្បីយកទិញអាវុធសម្រាប់អ៊ុយក្រែន មិនមែនត្រឹមតែទិញពីសហរដ្ឋអាមេរិកទេ គឺទិញពីប្រទេសផ្សេងទៀត តួយ៉ាងដូចជាកូរ៉េខាងត្បូង ជាដើម។

សម្រាប់លោក Kurt Volker ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ NATO និងជាអតីតបេសកជនពិសេសអាមេរិកសម្រាប់អ៊ុយក្រែន ប្រសិនបើគេសួរថាតើរូបលោកនឹងផ្ដល់យោបល់ដូចម្ដេចឱ្យលោក ហ្សេលេនស្គី? នោះលោកនឹង ជំរុញឱ្យមេដឹកនាំអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយលោក ត្រាំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពីព្រោះថាកិច្ចព្រមព្រៀងនេះនឹងជួយឱ្យសហរដ្ឋអាមេរិក និងអ៊ុយក្រែនរួមដំណើរជាមួយគ្នាឆ្ពោះទៅមុខ ហើយបម្រើជាផលប្រយោជន៍ដល់ប្រទេសទាំង២។ លោក ហ្សេលេនស្គី កាលពីថ្ងៃទី៤ ខែមីនា បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងរ៉ែជាមួយលោក ត្រាំ ហើយថាវាជាការគួរឱ្យសោកស្ដាយដែល ជំនួបរបស់លោកជាមួយលោក ត្រាំ មិនបានរលូនតាមការរំពឹងទុក។ ក៏ប៉ុន្តែ លោក Mark Geleotti ជាអ្នកវិភាគម្នាក់អំពីរុស្ស៉ី យល់ថាលោក ហ្សេលេនស្គី និងអ៊ុយក្រែន ប្រហែលជាត្រូវធ្វើសកម្មភាពលើសពីពាក្យសម្ដីដើម្បីស្ដារ ទំនាក់ទំនងឡើងវិញជាមួយលោក ត្រាំ។ ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីដែលលោក ត្រាំ ចង់បាន គឺមិនមែនត្រឹមតែពាក្យសរសើរ និងការដឹងគុណទេ តែដំបូង ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ទី២ ទទួលយកថាអាមេរិកនឹង ធ្វើការលើលក្ខខណ្ឌមួយចំនួនជាមួយរុស្ស៉ី ហើយទើបបញ្ជូនទៅឱ្យអ៊ុយក្រែនវិញ។

* តើការផ្ដល់ជំនួយយោធាអាចនឹងចាប់ផ្ដើមឡើងវិញទេ?
ប៉ុន្មានសប្ដាហ៍មកនេះ រដ្ឋបាលលោក ត្រាំ ហាក់បង្ហាញឱ្យគេឃើញថាខ្លួនកំពុងសម្រេចឱ្យបាននូវអ្វីដែលខ្លួនចង់បាន ហើយគ្មាននរណាម្នាក់អាចព្យាករថាតើនឹងមានអ្វីកើតឡើង នៅពេលខាងមុខនោះទេ? តាមលោក John Lough វានៅតែមានចន្លោះប្រហោងក្នុងគោលនយោបាយនៃរដ្ឋបាលលោក ត្រាំ ចំពោះអ៊ុយក្រែន។ គួរឱ្យកត់សម្គាល់គឺការយល់ឃើញផ្សេងគ្នារបស់ក្រុមមន្ត្រីអាមេរិកចំពោះលោក ពូទីន។ ឧទាហរណ៍៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីខែកុម្ភៈក្រោយជួបក្រុមមន្ត្រីរុស្ស៉ីថាគេនៅតែត្រូវរង់ចាំមើលសិនថាតើរុស្ស៉ីពិតជាមានភាពប្រាកដប្រជាចង់បានសន្តិភាពមែន ឬក៏យ៉ាងណា? មួយវិញទៀត លោក ដូណាល់ ត្រាំផ្ទាល់ ប៉ុន្មានសប្ដាហ៍ មកនេះ ក៏បានផ្លាស់ប្ដូរគោលជំហរជាច្រើនលើកផងដែរពាក់ព័ន្ធនឹងអ៊ុយក្រែន។ ជាក់ស្ដែង លោកបានហៅលោក ហ្សេលេនស្គីថាជនផ្ដាច់ការ តែប៉ុន្មានថ្ងៃក្រោយមក ពោលគឺមុនលោក ហ្សេលេនស្គីធ្វើទស្សនកិច្ចទៅកាន់សេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ត្រាំ បានលេបសម្ដីនេះចូលទៅក្​នុងពោះទៅវិញ។

ខណៈក្រុមមន្ត្រីសេតវិមាន រួមទាំងលោក ត្រាំ បាននិយាយថាលោក ហ្សេលេនស្គី អាចត្រឡប់ទៅកាន់សេតវិមានសាជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ចំពោះកិច្ចចរចាសន្តិភាព គេត្រូវរង់ចាំមើលសិនថាតើលោក ហ្សេលេនស្គី មានឆន្ទៈ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលអាចជួយដំណើរការការផ្ដល់ជំនួយយោធាពីសហរដ្ឋអាមេរិកឡើងវិញ ដែរឬក៏យ៉ាងណា ស្របពេលលោក ត្រាំ នៅតែមិនបានបង្ហាញពីការប្ដេជ្ញាចិត្តផ្ដល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នោះទេ? យ៉ាងណាក៏ដោយ តាមលោក Mark Geleotti អ្វីដែលជាចំណុចសំខាន់ នោះគឺដរាបណា លោក ត្រាំ ចាត់ទុកថាអ៊ុយក្រែន ត្រឹមជា «សាមន្តរដ្ឋមួយ» ដែលត្រូវដឹងឱ្យច្បាស់ពីឋានៈរបស់ខ្លួនឯង នោះរឿងដែលអ៊ុយក្រែន ត្រូវយល់ក្នុងពេលនេះ គឺថា «អ៊ុយក្រែនត្រូវតែធ្វើតាមអ្វីដែលសហរដ្ឋអាមេរិកប្រាប់ឱ្យធ្វើ»៕​