(ឡុងដ៍)៖ កងទ័ពជើងទឹកអង់គ្លេស បានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះនាវាចម្បាំង និងនាវាជំនួញរបស់រុស្ស៊ីក្នុងសប្តាហ៍នេះ ខណៈដែលនាវាទាំងនោះបានធ្វើដំណើរឆ្លងកាត់ច្រកអង់គ្លេស និងសមុទ្រខាងជើង។ នេះបើតាមការប្រកាសរបស់កងទ័ពជើងទឹកអង់គ្លេស នៅថ្ងៃពុធនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នាវា HMS Somerset ដែលធ្លាប់បានចូលរួមក្នុងប្រតិបត្តិការស្រដៀងគ្នានេះពីមុនមក បាន «តាមដានរាល់សកម្មភាព» របស់នាវាចម្បាំង Boikiy របស់រុស្ស៊ី ខណៈដែលនាវានេះបានអមដំណើរនាវាដឹកទំនិញឈ្មោះ Baltic Leader ឆ្លងកាត់ដែនទឹករបស់ចក្រភពអង់គ្លេស។
កាសែត The Times បានចុះផ្សាយរូបភាពកាលពីថ្ងៃអង្គារ ដែលបង្ហាញពីនាវិករុស្ស៊ីប្រចាំការលើកាំភ្លើងយន្តនៅលើនាវា Boikiy ខណៈវាអមដំណើរនាវាដឹកទំនិញ Baltic Leader ដែលស្ថិតក្រោមទណ្ឌកម្មអាមេរិក ពីបទដឹកជញ្ជូនអាវុធឱ្យរុស្ស៊ី។
គួរបញ្ជាក់ថា កងទ័ពជើងទឹកអង់គ្លេស តែងតែអនុវត្តបេសកកម្មតាមដានដើម្បីឃ្លាំមើលការគំរាមកំហែងសន្តិសុខជាតិនានា រួមទាំងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ខ្សែកាប ឬបំពង់បង្ហូរប្រេងនៅក្រោមបាតសមុទ្រជាដើម។ នាវា HMS Somerset ធ្លាប់បានតាមដាននាវារុស្ស៊ីជាច្រើនលើក រួមទាំងនាវាចារកម្ម Yantar កាលពីខែមករា និងនាវាដឹកគ្រាប់រំសេវចំនួន ៦ គ្រឿង កាលពីខែមុន៕