(កៀវ)៖ បី​ឆ្នាំ​បន្ទាប់​ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មេបញ្ជាការ​យោធា​ទទួល​បន្ទុក​ប្រព័ន្ធ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​បាន​ព្រមាន​ថា កងកម្លាំង​ប្រដាប់​អាវុធ​របស់​អង្គការ​ណាតូ (NATO) មិន​ទាន់​មាន​ការ​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​សង្គ្រាម​ដ្រូន​ទំនើប​នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។

លោក​វរសេនីយ៍ឯក Vadym Sukharevskyi ប្រធាន​កងកម្លាំង​ប្រព័ន្ធ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​បាន​ថ្លែង​ថា ទីក្រុង​កៀវកំពុង​ព្យាយាម​នាំមុខ​រុស្ស៊ី​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដ្រូន ដោយ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) ការ​ដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ក្រុម (swarming) និង​ការ​សាកល្បង​បច្ចេកវិទ្យា​ឡាស៊ែរ​ដើម្បី​បាញ់​ទម្លាក់​ដ្រូន​របស់​សត្រូវ។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក Sukharevskyi បាន​ថ្លែង​ថា «តាម​អ្វី​ដែល​ខ្ញុំ​ឃើញ​និង​ឮ មិន​មាន​កងទ័ព​ណាតូ​ណាមួយ បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​ទេ»

លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ផ្នែក​សេដ្ឋកិច្ច​នៃ​ការ​ប្រើប្រាស់​ដ្រូន ដោយ​លើក​ឡើង​ថា ​ជា​ញឹកញាប់​តម្លៃ​ផលិត​ដ្រូន​មាន​តម្លៃ​ទាប​ជាង​តម្លៃ​អាវុធ​ធម្មតា​ដែល​ប្រើ​ដើម្បី​បាញ់​ទម្លាក់​វា។ លោក​បាន​ចោទ​ជា​សំណួរ​អំពី​តម្លៃ​នៃ​ការ​ប្រើប្រាស់​មីស៊ីល​ស្ទាក់​ចាប់​ដែល​មាន​តម្លៃ​រាប់​សែន ឬ​រាប់​លាន​ដុល្លារ​ដើម្បី​បាញ់​ទម្លាក់​ដ្រូន​ដែល​មាន​តម្លៃ​ត្រឹមតែ​ប៉ុន្មាន​ពាន់ ឬ​ប៉ុន្មាន​ម៉ឺន​ដុល្លារ។

ការ​លើក​ឡើង​របស់​លោក Sukharevskyi ធ្វើ​ឡើង​ខណៈ​ដែល​ប្រទេស​សមាជិក​ណាតូ​មួយ​ចំនួន​នៅ​អឺរ៉ុប ​កំពុង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ដែល​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​នឹង​អូស​បន្លាយ ឬ​កាន់តែ​ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ចាប់តាំងពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០២២ ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬហៅថា ដ្រូន ​បាន​កើនឡើង​យ៉ាង​ខ្លាំង។ អ៊ុយក្រែន​អះអាង​ថា​ខ្លួន​នឹង​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ First Person View (FPV) ខ្នាត​តូច​ចំនួន ២,២ លាន​គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ធំ​និង​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន ១០០,០០០ គ្រឿង​ក្នុង​ឆ្នាំ ២០២៤។ រុស្ស៊ី​ធ្លាប់​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក FPV ចំនួន ១,៤ លាន​គ្រឿង​ក្នុង​ឆ្នាំ​ដដែល។

លោក Sukharevskyi បាន​បន្ថែម​ថា ជាង ៦០ភាគរយ នៃ​គោលដៅ​ត្រូវ​បាន​បំផ្លាញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​នេះ​នៅ​លើ​សមរភូមិ។ លោក​បាន​បញ្ជាក់​ថា បញ្ហា​សំខាន់​គឺ​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ដ្រូន និង​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ៕