ប្រធានាធិបតី ត្រាំ សន្យាធ្វើឱ្យប្រជាជនកោះ Greenland «ក្លាយជាអ្នកមាន» បើចូលរួមជាមួយអាមេរិក
05-03-2025 18:56
(វ៉ាស៊ីនតោន)៖ ក្នុងសុន្ទរកថាថ្លែងទៅកាន់សភាកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីពីចំណាប់អារម្មណ៍របស់លោក ក្នុងការទិញយក Greenland ដោយសន្យាផ្ដល់ទាំងសន្តិសុខ និងភាពរុងរឿងដល់ប្រជាជននៃកោះស្វយ័តមួយនេះ ដែលជាផ្នែកមួយនរបស់ប្រទេសដាណឺម៉ាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។
លោក ត្រាំ បានថ្លែងថា «យើងនឹងរក្សាអ្នកឱ្យមានសុវត្ថិភាព យើងនឹងធ្វើឱ្យអ្នកក្លាយជាអ្នកមាន ហើយរួមគ្នា យើងនឹងនាំ Greenland ឱ្យឈានដល់កម្រិតកំពូលដែលអ្នកមិនធ្លាប់នឹកស្មានដល់»។ លោកបានបន្ថែមថា កោះ Greenland មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខយោធា ដោយសារកោះនេះមានប្រជាជនតិច តែមានផ្ទៃដីធំទូលាយ។
ទោះបីជាលោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ចង់បាន កោះ Greenland ជាយូរមកហើយក្តី ក៏ការស្ទង់មតិបង្ហាញថា ប្រជាជននៃកោះមួយនេះ ភាគច្រើនប្រឆាំងនឹងការចូលរួមជាមួយសហរដ្ឋអាមេរិក។ ពួកគេភាគច្រើនគាំទ្រឯករាជ្យភាពពីប្រទេសដាណឺម៉ាកវិញ។ ដាណឺម៉ាកដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងអង្គការណាតូបានបញ្ជាក់ម្តងហើយម្តងទៀតថា Greenland មិនមែនសម្រាប់លក់នោះទេ។
លោក ដូណាល់ ត្រាំ បានអះអាងពីសារៈសំខាន់យុទ្ធសាស្ត្ររបស់កោះនេះ និងធនធានរ៉ែដ៏សម្បូរបែបរបស់វា ដែលអាចផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា Greenland គឺចាំបាច់សម្រាប់ «សន្តិសុខពិភពលោក» ដោយសារទីតាំងរបស់វាស្ថិតនៅតាមបណ្តោយផ្លូវខ្លីបំផុតពីអឺរ៉ុបទៅអាមេរិកខាងជើង ដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធព្រមានមីស៊ីលផ្លោងរបស់អាមេរិក។
លោក ត្រាំ បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បី «ទិញ» កោះ Greenland ហើយលោកជឿជាក់ថានឹងសម្រេចបានគោលដៅនេះមិនយូរមិនឆាប់៕