(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន ដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ១០ភាគរយបន្ថែមទៀត ទៅលើផលិតផលភាគច្រើន របស់ប្រទេសចិន។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិន ដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរ ប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវ និងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។

លោក Lin Jian បានលើកឡើងថា ភាគីចិនបានផ្តល់ការគាំទ្រដល់ប្រទេសអាមេរិក ក្នុងបញ្ហាថ្នាំហ្វេនតានីល ដោយឈរលើស្មារតីមនុស្សធម៌។ ប៉ុន្តែភាគីអាមេរិកមិនត្រឹមតែមិនដឹងគុណ ផ្ទុយទៅវិញបានលាបព័ណ៌និងទម្លាក់កំហុស មកប្រទេសចិនថែមទៀត ព្រមទាំងគាបសង្កត់និងបោកប្រាស់ភាគីចិន តាមរយៈការដំឡើងពន្ធគយ ដែលជាទង្វើយកទោសសងគុណ។

លោក Lin Jian បានគូសបញ្ជាក់ថា ប្រជាជនចិនមិនចុះញ៉មនឹងអ្វីឡើយ ហើយក៏មិនដែលខ្លាចការប្រើអំណាចខ្លាំង និងអនុវត្តរភាពនិយមដែរ។ បើសិនអាមេរិកពិតជាចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីល នោះត្រូវធ្វើការពិគ្រោះពិភាក្សា ជាមួយភាគីចិនសម្រាប់ដោះស្រាយកង្វល់រៀងៗខ្លួន ផ្អែកលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ តែបើអាមេរិកមានចេតនាផ្សេងទៀត ហើយទទូចធ្វើសង្គ្រាមពន្ធគយ នោះភាគីចិនមានតែឆ្លើយតបដោយពាក្យសម្តីមួយម៉ាត់ថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើធ្វើសង្គ្រាម ចិននឹងកំដរដល់ទីបញ្ចប់៕

វិទ្យុមិត្តភាពកម្ពុជាចិន