Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

EU បញ្ចេញផែនការផ្តល់ប្រាក់កម្ចីជាង ១៥០ពាន់លានអឺរ៉ូ ដល់បណ្តាប្រទេសនៅក្នុងប្លុក ដើម្បីជំរុញការបំពាក់អាវុធឡើងវិញ (Video inside)

05-03-2025 15:58

(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប បានស្នើឡើងនូវថវិកាចំនួន ១៥០ពាន់លានដុល្លារ ឬ ១៥៧.៧ពាន់លានដុល្លារ សម្រាប់ផ្តល់ជាប្រាក់កម្ចីដល់បណ្តារដ្ឋាភិបាលសហភាពអឺរ៉ុប (EU) ក្រោមផែនការបង្កើនសមត្ថភាពយោធាឡើងវិញ ដោយសារសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន និងក្តីបារម្ភដែលថាអឺរ៉ុបមិនអាចពឹងផ្អែក លើសហរដ្ឋអាមេរិកតទៅទៀតបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។

ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន និងបង្ហាញពីភាពខុសគ្នាកាន់តែខ្លាំងឡើង រវាងមេដឹកនាំអឺរ៉ុប និងទីក្រុងវ៉ាស៉ីនតោន ជុំវិញកត្តាសន្តិសុខរបស់តំបន់ និងរបៀបដោះស្រាយជាមួយរុស្ស៉ី។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen គូសបញ្ជាក់ថា «យើងកំពុងស្ថិតក្នុងយុគសម័យ នៃការបំពាក់អាវុធឡើងវិញ ហើយអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនការចំណាយយ៉ាងច្រើន លើវិស័យការពារជាតិរបស់ខ្លួន»

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ បណ្តាមេដឹកនាំ EU នឹងជួបពិភាក្សាគ្នាជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយ ដែលផ្តោតលើវិស័យការពារជាតិ និងបញ្ហាអ៊ុយក្រែន គ្រាដែលផែនការមួយចំនួន តម្រូវឱ្យមានការយល់ព្រមពីរដ្ឋាភិបាល EU។

លោកស្រី Von der Leyen បានស្នើកំណត់ថវិកា១៥០ពាន់លានអឺរ៉ុបនោះ សម្រាប់អាទិភាពដូចជា ការការពារដែនអាកាស មីស៉ីល និងយន្តហោះដ្រូន ខណៈវាជាផ្នែកនៃកញ្ចប់សំណើមូលនិធិរួមមួយ ដែលលោកស្រីនិយាយថា អាចប្រមូលបានរហូតដល់ទៅ ៨០០ពាន់លានអឺរ៉ូ សម្រាប់វិស័យការពារជាតិអឺរ៉ុប៕