(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក Li Qiang បាននិយាយនៅថ្ងៃពុធ ទី៥ ខែមីនា នេះថា ចិននឹងខិតខំជំរុញកិច្ចការបង្រួបបង្រួមជាមួយតៃវ៉ាន់ ហើយប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងធ្វើការជាប់ជាប្រចាំជាមួយប្រជាជនតៃវ៉ាន់ ដើម្បីសម្រេចបាននូវភាពរុងរឿងនៃប្រជាជាតិចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Li បានសរសេរក្នុងរបាយការណ៍ការងារប្រចាំឆ្នាំ ដាក់ជូនសភាជាតិដូច្នេះថា «យើងនឹងជំរុញយ៉ាងមុតមាំនូវបុព្វហេតុ នៃការបង្រួបបង្រួមប្រទេសចិន និងធ្វើការជាមួយពលរដ្ឋចិននៅតៃវ៉ាន់ ដើម្បីបុព្វហេតុនៃការស្តារប្រជាជាតិចិន»។ នៅក្នុងរបាយការណ៍ដដែលនេះ លោក Li ក៏បានរំលឹកឡើងវិញនូវការអំពាវនាវបង្រួបបង្រួមជាមួយតៃវ៉ាន់ ប៉ុន្តែសង្កត់ធ្ងន់អំពី ភាពម៉ឺងម៉ាត់ក្នុងការធ្វើបែបនោះ ហើយបានលុបចោលពាក្យ «ដោយសន្តិវិធី» ដែលធ្លាប់ត្រូវបានប្រើប្រាស់ ក្នុងរបាយការណ៍មុនៗ។

គួរបញ្ជាក់ថា ចិន បានបន្តទាមទារគ្រប់គ្រង និងបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះជាមានការជំទាស់ពីទីក្រុងតៃប៉ិក៏ដោយ។ រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយម្តងទៀតថា នឹងប្រឆាំងដាច់ខាត ចំពោះសកម្មភាពរបស់ក្រុមផ្តាច់ខ្លួននៅតៃវ៉ាន់៕