(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខបដិសេធថា លោកមិនបានមាក់ងាយចក្រភពអង់គ្លេសនិងបារាំង តាមរយៈការពិពណ៌នាផែនការចង់ដាក់ពង្រាយ កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន របស់ប្រទេសទាំងពីរ ថាជាការដាក់ពង្រាយកងទ័ពប្រមាណ២០ ០០០នាក់ មកពី «ប្រទេសតូចតាចមួយចំនួន ដែលមិនធ្លាប់ធ្វើសង្រ្គាមអស់រយៈពេល៣០ ឬ៤០ឆ្នាំ» នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក Vance បានធ្វើឱ្យក្រុមអ្នកនយោបាយនិងអតីតយុទ្ធជន នៅប្រទេសអឺរ៉ុបទាំងពីរ មិនពេញចិត្ត ដោយនិយាយថា សម្តីរបស់លោកអនុប្រធានាធិបតីអាមេរិក ជាការមិនផ្តល់ក្តីគោរពចំពោះកងទ័ពរាប់រយនាក់ ដែលបានពលីជីវិត ក្នុងការប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងអាមេរិក ក្នុងសង្រ្គាមនៅប្រទេសអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។

លោក Vance បាននិយាយថា មតិដែលយល់ថា ការអត្ថាធិប្បាយរបស់លោក ដែលត្រូវបានធ្វើឡើង អំឡុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មានអាមេរិក ​Fox News កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានរិះគន់ចំពោះកងទ័ពចក្រភពអង់គ្លេស ឬបារាំងនោះ គឺគ្មានភាពស្មោះត្រង់ទាល់តែសោះ។ លោក Vance បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមិនទាំងបានលើកឡើងចំៗនូវឈ្មោះ អង់គ្លេស ឬបារាំងឡើយ ក្នុងកិច្ចសម្ភាសនោះ ខណៈកងទ័ពប្រទេសទាំងពីរ បានចូលរួមប្រយុទ្ធយ៉ាងអង់អាច ជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រមទាំងបន្តទៅមុខទៀត»

លោកអនុប្រធានាធិបតីអាមេរិក បានអះអាងថា សម្តីរបស់លោកនាពេលនោះ គឺចង់សំដៅលើបណ្តាប្រទេសដទៃទៀត នៅក្នុងអ្វី​ដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានហៅកាលពីចុងសប្តាហ៍មុនថា «ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ» ដែលនឹង​ចូលរួមចំណែកផ្តល់កងទ័ព ក្នុងកងកម្លាំងរក្សាសន្តិភាព ដែលអាចនឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែន ក្រោយសង្រ្គាមជាមួយរុស្ស៉ី បិទបញ្ចប់។

គួរបញ្ជាក់ថា មានតែចក្រភពអង់គ្លេស និងបារាំងប៉ុណ្ណោះ ដែលបានចេញមុខប្តេជ្ញាជាសាធារណៈថា ត្រៀមលក្ខណៈជាស្រេច ក្នុងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន ដើម្បីផ្តល់ការធានាសន្តិសុខ។ ក្នុងរយៈពេលប្រមាណជា៤០ឆ្នាំមកនេះ កងទ័ពរបស់អង់គ្លេសនិងបារាំង បានចូលរួមប្រយុទ្ធរួមគ្នា ជាមួយកងទ័ពរបស់អាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន៕