ចិនបន្តរក្សាកំណើន៧.២ភាគរយ ក្នុងការចំណាយលើវិស័យយោធា ចំពោះមុខភាពតានតឹងភូមិសាស្រ្តនយោបាយ (Video inside)
05-03-2025 13:40
(ប៉េកាំង)៖ ចិនគ្រោងបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួន ក្នុងអត្រា៧.២ភាគរយ នៅឆ្នាំនេះ ដែលជាអត្រាដូចគ្នាកាលពីឆ្នាំ២០២៤ដែរ ចំពោះមុខការបន្តកើនឡើង នៃបញ្ហាប្រឈមភូមិសាស្រ្តនយោបាយពិភពលោក រាប់ចាប់តាំងពីអ៊ុយក្រែន រហូតដល់កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥។
គិតចាប់តាំងពីលោក ស៉ី ជីនពីង បានក្លាយជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការកំពូលរបស់យោធា កាលពីជាង១ទសវត្សរ៍មុនមក កញ្ចប់ថវិកាការពារជាតិរបស់ប្រទេសចិន បានកើនឡើងមកដល់១.៧៨ទ្រីលានយាន់ ឬស្មើនឹង២៤៥.៦៥ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ពីត្រឹម៧២០ពាន់លានយាន់ កាលពីឆ្នាំ២០១៣។ លោក ស៉ី មានគោលដៅសម្រេច ការធ្វើទំនើបកម្មយោធាឱ្យបានទាំងស្រុង នៅត្រឹមឆ្នាំ២០៣៥ ដោយយោធាចិនកំពុងអភិវឌ្ឍមីស៉ីល នាវាចម្បាំង នាវាមុជទឹក យន្តហោះចម្បាំង និងបច្ចេកវិទ្យាឈ្លបការណ៍ថ្មីៗ។
គួរបញ្ជាក់ថា ចិននៅតែបន្តជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាប្រទេសដែលចំណាយថវិកាច្រើនបំផុតលើយោធា ពោលគឺក្រោមសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ដែលមានកញ្ចប់ថវិកាយោធា ស្នើឡើងសម្រាប់ឆ្នាំ២០២៥ ចំនួនរហូតដល់៨៥០ពាន់លានដុល្លារ៕