អ៊ុយក្រែន ថានឹងព្យាយាមទប់ទល់ជាមួយសង្រ្គាមរបស់រុស្ស៉ី បន្ទាប់ពីអាមេរិកប្រកាសផ្អាកផ្តល់អាវុធ (Video inside)
05-03-2025 11:50
(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែន បាននិយាយថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការគាំទ្រផ្នែកយោធា របស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។
លោក ត្រាំ បានដាក់បទបញ្ជាឱ្យសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន កាលពីដើមសប្តាហ៍ ប៉ុន្មានថ្ងៃក្រោយមានជម្លោះពាក្យសម្តីជាមួយលោក ហ្សេលេនស្គី។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងកៀវ ដូច្នេះថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តទប់ទល់»។ រីឯ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak វិញបានបង្ហោះសារលើបណ្តាញសង្គម X ថា «យើងកំពុងពិភាក្សាអំពីជម្រើសនានា ជាមួយដៃគូអឺរ៉ុបរបស់យើង ហើយជាការពិតណាស់ យើងមិនមើលរំលងលទ្ធភាពនៃការចរចា ជាមួយសមភាគីអាមេរិករបស់យើងឡើយ»។
គួរបញ្ជាក់ថា ចាប់តាំងដើមដំបូងនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ទីក្រុងវ៉ាស៉ីនតោន គឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់បំផុតមួយរបស់ទីក្រុងកៀវ ដោយលោក Shmygal និយាយថា ជំនួយរបស់អាមេរិកក្នុងទម្រង់ជាការការពារដែនអាកាស និងព័ត៌មានសម្ងាត់ បានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើននាក់៕