(មូស្គូ)៖ រុស្ស៉ី មានបំណងធ្វើជាអ្នកសម្រុះសម្រួលបញ្ហារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដោយប្រភពក្នុងស្រុកមួយបានប្រាប់ Reuters កាលពីថ្ងៃអង្គារសប្តាហ៍នេះថា វិមានក្រឹមឡាំង ប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយដោះស្រាយភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Zvezda របស់រុស្ស៉ី បានរាយការណ៍ដោយដកស្រង់សម្តី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលនិយាយថា លោកប្រធានាធិបតី ពូទីន យល់ព្រមចូលខ្លួនសម្របសម្រួល ក្នុងការពិភាក្សាអំពីអាវុធនុយក្លេអ៊ែររវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពដដែលនោះប្រាប់ Reuters ថា រុស្ស៉ីបានស្នើសុំដើរតួអង្គជាអន្តរការី ប៉ុន្តែមិនមានសំណើណាមួយ សុំឱ្យទីក្រុងមូស្គូជួយនោះទេ។
ចាប់តាំងពីឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិក ចំពោះរុស្ស៉ីតាមរយៈការប្រកាន់ជំហរផ្សះផ្សា ដែលធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចត្រូវប្រុងប្រយ័ត្ន ខណៈដែលលោកព្យាយាមធ្វើអន្តរាគម ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ថ្មីៗនេះ លោក Peskov ធ្លាប់និយាយថា អ៉ីរ៉ង់គឺជាដៃគូរបស់រុស្ស៉ី ហើយប្រទេសទាំងពីរនឹងធ្វើការដើម្បីអភិវឌ្ឍទំនាក់ទំនង។ យ៉ាងនេះក្តី បេសកកម្មរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានបដិសេធធ្វើការអត្ថាធិប្បាយ ជុំវិញព័ត៌មាននេះ៕