(ហ៊្សរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៉ីស្រាអែលត្រៀមខ្លួនរួចរាល់ ដើម្បីបន្តទៅបទឈប់បាញ់ហ្កាហ្សាដំណាក់កាលទីពីរ ប៉ុន្តែដរាបណាក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងចំនួន ៥៩នាក់បន្ថែមទៀត ដែលនៅសល់ក្នុងដៃរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។

លោក Saar បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងហ៊្សេរុយសាឡិម ដូច្នេះថា «យើងត្រៀមរួចហើយ ដើម្បីបន្តទៅដំណាក់កាលទីពីរ។ ប៉ុន្តែ​ការពន្យារ​ពេល​ ឬនៅក្រោម​ក្របខណ្ឌណាមួយ យើង​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​បន្ថែម​ទៀតសិន»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានផ្អាកចាប់តាំងពីថ្ងៃទី១៩ ខែមករា នៅក្រោមបទឈប់បាញ់មួយ ដែលចែកចេញជាបីដំណាក់កាល ហើយក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ២ ០០០នាក់។

ប៉ុន្តែដំណាក់កាលដំបូង រយៈពេល ៤២ថ្ងៃនៃបទឈប់បាញ់បានផុតកំណត់ ហើយក្រុមហាម៉ាស់ និងអ៉ីស្រាអែល នៅខ្វែងគំនិតគ្នាច្រើនលើបញ្ហា រួមទាំងផែនការក្រោយសង្រ្គាម និងអនាគតនៃក្រុមហាម៉ាស់ខ្លួនឯង។ ហាម៉ាស ចង់បន្តការចរចាលើដំណាក់កាលទីពីរដើម្បីបញ្ចប់សង្រ្គាម ខណៈដែលអ៉ីស្រាអែល គាំទ្រដោយសហរដ្ឋអាមេរិក ចង់ពន្យារពេលបទឈប់បាញ់ដំណាកាលទីមួយ ដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងនៅសល់៕