(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយពិពណ៌នាថាមានការប៉ះទង្គិតសម្តីគ្នាដ៏គួរឱ្យសោកស្តាយ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។
លោក ហ្សេលេនស្គី និយាយកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា លោកចង់ធ្វើឱ្យរឿងរាវទៅជាល្អវិញ ហើយត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលលោកបានយកទៅលើដាក់លើតុពិភាក្សា អំឡុងទស្សនកិច្ចទីក្រុងវ៉ាស៉ីតោន កាលពីសប្តាហ៍មុននោះ។ តាមសារបង្ហោះលើបណ្តាញសង្គម X លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង ចង់បានសង្រ្គាមមិនចេះចប់នោះទេ។ ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់ត្រៀមរួចជាស្រេចដើម្បីធ្វើការ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក ហ្សេលេនស្គី កើតមានឡើង មួយថ្ងៃបន្ទាប់ពីលោក ត្រាំ ផ្អាកការជំនួយយោធាដល់អ៊ុយក្រែន ដែលជាវិធានការចុងក្រោយ ក្នុងកិច្ចគាំទ្រគោលនយោបាយរបស់សហរដ្ឋអាមេរិក និងប្រកាន់ជំហរផ្សះផ្សាបន្ថែមទៀតចំពោះរុស្ស៉ី៕