Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ិកស៊ិក ​ថ្កោលទោស​ពន្ធ​ថ្មី​របស់​អាមេរិក និងសន្យាចាត់វិធានការ​សងសឹកវិញ (Video inside)

04-03-2025 21:17

(ម៉ិកស៊ិក)៖ ប្រធានាធិបតី​ម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ដាក់​ពន្ធ ២៥ភាគរយ លើ​ទំនិញ​នាំចូល​ពី​ម៉ិកស៊ិក ដោយ​លើក​ឡើង​ថា​មិន​មាន​ហេតុផល​សមស្រប​សម្រាប់​ចំណាត់ការ​នេះ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។

លោកស្រី​បាន​ប្រកាស​នៅថ្ងៃ​អង្គារ​នេះថា រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ចាត់​វិធានការ​សងសឹក​វិញ​ទាំង​ផ្នែក​ពន្ធគយ និង​មិនមែន​ពន្ធគយ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ទី៤ ខែមីនានេះ វិធានការយកពន្ធ២៥ភាគរយ របស់លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសម៉ិកស៉ិកនិងកាណាដា បានចូលជាធរមានហើយ រួមជាមួយការដំឡើងពន្ធទ្វេដង លើទំនិញរបស់ចិនដល់ ២០ភាគរយ ខណៈវាជាការចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មី ជាមួយដៃគូពាណិជ្ជកម្មកំពូលទាំង៣ របស់សហរដ្ឋអាមេរិក។

ការចូលជាធរមាននេះ គឺប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ប្រទេសទាំង៣ បានបរាជ័យធ្វើសកម្មភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់លំហូរនៃថ្នាំញៀនដ៏គ្រោះថ្នាក់ គឺ fentanyl ព្រមទាំងសមាសធាតុផ្សំនៃថ្នាំនេះ ចូលមកកាន់អាមេរិក។ អស់រយៈពេលប្រមាណ៣ទសវត្សរ៍ កាណាដានិងម៉ិកស៉ិក ទទួលបានទំនាក់ទំនងពាណិជ្ជកម្ម ដែលសឹងគ្មានការយកពន្ធទាំងស្រុង ជាមួយសហរដ្ឋអាមេរិក៕