(ហ្សាកាតា)៖ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូណេស៊ី បង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីលំនៅឋាននៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃចន្ទបណ្តាលឲ្យមានទឹកជំនន់កម្ពស់រហូតដល់ ៣ ម៉ែត្រនៅក្នុងនិងជុំវិញទីក្រុង បិទផ្លូវមួយចំនួន លិចផ្ទះជាង ១,០០០ ខ្នង និងរថយន្តជាច្រើន។
ដើម្បីទប់ទល់នឹងស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរ អភិបាលក្រុងហ្សាកាតា លោក Pramono Anung បានប្រកាសអាសន្នក្នុងកម្រិតខ្ពស់បំផុតទីពីរ។ លោកបានបញ្ជាឲ្យរដ្ឋាភិបាលមូលដ្ឋានចាត់វិធានការជាបន្ទាន់រួមមាន ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើម្បីរំដោះទឹកចេញពីតំបន់រងផលប៉ះពាល់ និងការអនុវត្តបច្ចេកទេសកែប្រែអាកាសធាតុដោយការបាចអំបិលចូលទៅក្នុងពពកដើម្បីគ្រប់គ្រងបរិមាណទឹកភ្លៀង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅសង្កាត់ Bekasi ជាកន្លែងដែលទឹកជំនន់បានហូរចូលមន្ទីរពេទ្យមួយ បង្ខំឲ្យមានការជម្លៀសអ្នកជំងឺ និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនី។ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ទូកកៅស៊ូដើម្បីជម្លៀសអ្នកស្រុក ដែលជាប់គាំងនៅតាមអគារលំនៅឋានតាំងពីព្រឹកព្រលឹម។
គួរបញ្ជាក់ថា តំបន់ទីប្រជុំជន Greater Jakarta ដែលមានប្រជាជនរស់នៅជាង ៣០ លាននាក់ តែងតែរងគ្រោះដោយទឹកជំនន់។ ស្ថានភាពបច្ចុប្បន្ននៅសង្កាត់ Bekasi ត្រូវបានគេរាយការណ៍ថាជាស្ថានភាពអាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០២០ មក។ កាលពីឆ្នាំ ២០២០ ទឹកជំនន់ធ្ងន់ធ្ងរបានសម្លាប់មនុស្ស ៦០ នាក់នៅហ្សាកាតា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីមានការកត់ត្រាទុកក្នុងឆ្នាំ ១៨៦៦៕