(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃវេបសាយកាសែត «South China Morning Post» បានឱ្យដឹងថា របាយការណ៍ស្ទង់មតិមួយរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសចិន បានបង្ហាញថា សហគ្រាសបរទេស ដែលធ្វើអាជីវកម្មនៅចិន ក្នុងនោះបូករួមទាំងសហគ្រាសអាមេរិកផងដែរ មានគោលបំណងពង្រីក អាជីវកម្មរបស់ខ្លួននៅប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយនឹងប្រើប្រាស់ប្រាក់ចំណេញកាន់តែច្រើន សម្រាប់ការបណ្តាក់ទុនបន្ថែមទៀត។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍បានថ្លែងថា នឹងប្រើប្រាស់ប្រាក់ចំណេញ ចំនួន ១៤៥៩០លានដុល្លារអាមេរិក ដែលរកបាននៅប្រទេសចិន សម្រាប់ការបណ្តាក់ទុនបន្ថែមទៀតក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មនិងកូតាក្នុងទីផ្សារចិន ។ តួលេខនេះ បានកើនឡើង៣៣,១៨ភាគរយ បើប្រៀបធៀបនឹងតួលេខនៃការស្ទង់មតិលើកមុន។

សហគ្រាសអាមេរិកដែលចូលរួមការផ្តល់បទសម្ភាសន៍ ចំនួន៥៧ភាគរយបានបញ្ជាក់ថា បានបណ្តាក់ទុនបន្ថែមនៅប្រទេសចិន កាលពីឆ្នាំមុន ហើយទំហំបណ្តាក់ទុនស្មើគ្នានឹងឆ្នាំ២០២៣។ សហគ្រាសអាមេរិកចំនួនជិត៩០ភាគរយបានបញ្ជាក់ថា នៅឆ្នាំមុន ទទួលបានកម្រៃនៅប្រទេសចិន។ ការស្ទង់មតិសម្គាល់ឃើញថា ការកើនឡើងយ៉ាងខ្លាំង នៃទំហំទឹកប្រាក់សម្រាប់បណ្តាក់ទុនបន្ថែម បានបង្ហាញថា សហគ្រាសបរទេសមានជំនឿចិត្តឡើងវិញ ចំពោះសក្តានុពលនៃទីផ្សារចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន