Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេតវិមាន កំពុងរកលទ្ធភាពបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៉ី, នេះបើតាមមន្រ្តីអាមេរិក (Video inside)

04-03-2025 15:52

(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកម្នាក់ បានប្រាប់ Reuters ថាសហរដ្ឋអាមេរិកកំពុងព្រៀងផែនការ ដើម្បីបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើរុស្ស៉ី ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្វែងរកការស្តារទំនាក់ទំនង ជាមួយទីក្រុងមូស្គូ និងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។

សេតវិមានស្នើឱ្យក្រសួងហិរញ្ញវត្ថុ រៀបចំបញ្ជីទណ្ឌកម្មណាដែលអាចបន្ធូរបន្ថយបាន ឱ្យមកមន្ត្រីអាមេរិក ដើម្បីយកទៅពិភាក្សា ជាមួយអ្នកតំណាងរុស្ស៉ី នៅប៉ុន្មានថ្ងៃខាងមុខ ជាផ្នែកនៃកិច្ចពិភាក្សាដ៏ទូលំទូលាយនៃរដ្ឋបាល លោក ត្រាំ ជុំវិញការកែលម្អ ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។ ឥឡូវនេះ ការិយាល័យដាក់ចេញនូវទណ្ឌកម្ម កំពុងរៀបចំសំណើសម្រាប់ការដកទណ្ឌកម្ម លើអង្គភាព និងបុគ្គលមួយចំនួន រួមទាំងមហាសេដ្ឋីរុស្ស៉ីមួយចំនួនផងដែរ។ គេនៅមិនទាន់ច្បាស់ទេ ថាតើទីក្រុងវ៉ាស៉ីនតោន យកអ្វីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដោយរួមបញ្ចូល នូវវិធានការនានា ដើម្បីកុំឱ្យរុស្ស៉ីយកចំណូលបានមកពីឧស្សាហកម្មប្រេង និងឧស្ម័នដ៏ធំរបស់ខ្លួន ទៅបម្រើដល់ការសង្គ្រាម។ រុស្ស៉ី គឺជាប្រទេសផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ហើយប្រសិនបើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើប្រព័ន្ធថាមពលរុស្ស៉ីត្រូវបានបន្ធូរបន្ថយមែននោះ វាអាចជួយការពារកុំឱ្យឡើងថ្លៃប្រេង៕