(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា ចិនបាននិយាយថា ខ្លួននឹងដាក់វិធានការពន្ធគយថ្មីលើទំនិញជាច្រើនមុខ នៃផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីជាការសងសឹកប្រឆាំងការដំឡើងពន្ធ ដោយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងប៉េកាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការយកពន្ធបន្ថែម១៥ភាគរយ នឹងត្រូវដាក់ទៅលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់អាមេរិក ហើយពន្ធបន្ថែម១០ភាគរយ នឹងត្រូវដាក់ទៅលើដំណាំស្ពៅ សណ្តែកសៀង សាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលផ្សេងៗ ដែលធ្វើចេញពីទឹកដោះគោ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាដំឡើងពន្ធ ដែលពីដំបូង១០ភាគរយ ឱ្យដល់២០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ខណៈពន្ធ២០ភាគរយថ្មីនេះទៀតសោត គឺជាការបន្ថែមពីលើពន្ធដែលមានរួចស្រាប់ លើទំនិញផ្សេងៗរបស់ចិន។

គួរបញ្ជាក់ថា អមជាមួយការប្រកាសវិធានការពន្ធសងសឹកខាងលើ ចិនបានថ្កោលទោសការដំឡើងពន្ធលក្ខណៈឯកតោភាគីរបស់​សហរដ្ឋអាមេរិក ហើយក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងសាជាថ្មី ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ជុំវិញការដំឡើងពន្ធថ្មីបន្ថែម១០ភាគរយនេះ៕