Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិធានការពន្ធគយរបស់លោក ត្រាំ ប្រឆាំងប្រទេសកាណាដា ម៉ិកស៉ិក និងចិន ចូលជាធរមាន (Video inside)

04-03-2025 13:41

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា វិធានការយកពន្ធ២៥ភាគរយ របស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសម៉ិកស៉ិកនិងកាណាដា បានចូលជាធរមានហើយ រួមជាមួយការដំឡើងពន្ធទ្វេដង លើទំនិញរបស់ចិនដល់ ២០ភាគរយ ខណៈវាជាការចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មី ជាមួយដៃគូពាណិជ្ជកម្មកំពូលទាំង៣ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការចូលជាធរមាននេះ គឺប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ប្រទេសទាំង៣ បានបរាជ័យធ្វើសកម្មភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់លំហូរនៃថ្នាំញៀនដ៏គ្រោះថ្នាក់ គឺ fentanyl ព្រមទាំងសមាសធាតុផ្សំនៃថ្នាំនេះ ចូលមកកាន់អាមេរិក។ អស់រយៈពេលប្រមាណ៣ទសវត្សរ៍ កាណាដានិងម៉ិកស៉ិក ទទួលបានទំនាក់ទំនងពាណិជ្ជកម្ម ដែលសឹងគ្មានការយកពន្ធទាំងស្រុង ជាមួយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ទីក្រុងអូតាវ៉ា នឹងឆ្លើយតបទៅវិញភ្លាមៗ ជាមួយការយកពន្ធ ២៥ភាគរយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ទំហំ៣០ពាន់លានដុល្លារកាណាដា ឬស្មើនឹង២០.៧លានដុល្លារអាមេរិក ហើយនឹងដាក់លើទំនិញ១២៥ពាន់លានដុល្លារកាណាដាទៀត ប្រសិនបើពន្ធរបស់លោក ត្រាំ នៅតែបន្តអនុវត្ត ក្រោយរយៈពេល ២១ថ្ងៃ។ ចំណែក ប្រធានាធិបតីម៉ិកស៉ិក លោកស្រី ​Claudia Sheinbaum ត្រូវបានរំពឹងថា នឹងប្រកាសចំណាត់ការឆ្លើយតប ក្នុងសន្និសីទមួយ នាថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ការដំឡើងពន្ធ១០ភាគរយបន្ថែមទៀត លើទំនិញចិនក៏បានចូលជាធរមានផងដែរ ខណៈវាបន្ថែមពីលើពន្ធ១០ភាគរយ ដំបូងដែលលោក ត្រាំ បានដាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីពិន័យទីក្រុងប៉េកាំង ជុំវិញបញ្ហាវិបត្តិថ្នាំញៀន fentanyl នៅអាមេរិក។ ពន្ធថ្មី២០ភាគរយនេះទៀតសោត គឺជាការដំឡើងលើពន្ធដែលមានស្រាប់លើទំនិញផ្សេងៗរបស់ចិន៕