(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនអាចបោះបង់ចោល តំបន់អាស៉ី-ប៉ាស៉ីហ្វិកឡើយ ប៉ុន្មានថ្ងៃបន្ទាប់ពីការទាស់ពាក្យសម្តីគ្នា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្កើនក្តីកង្វល់នៅតៃវ៉ាន់ ជុំវិញការគាំទ្ររបស់អាមេរិក សម្រាប់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Wellington Koo បាននិយាយថា អាមេរិកមិនអាចដកខ្លួនចេញពីអាស៉ី-ប៉ាស៉ីហ្វិកទេ ដោយសារវាជាផលប្រយោជន៍ស្នូលរបស់អាមេរិក ជាផលប្រយោជន៍ជាតិដ៏សំខាន់បំផុតមួយ សម្រាប់ទីក្រុងវ៉ាស៉ីនតោន ទាំងផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងសន្តិសុខយោធា។
លោក Koo បានសួរថា ប្រសិនបើតៃវ៉ាន់ត្រូវបានកាន់កាប់ដោយចិន តើប្រទេសក្បែរខាងដទៃទៀត ដែលមានជម្លោះទឹកដីជាមួយចិន នឹងត្រូវប្រឈមមុខជាមួយស្ថានការណ៍បែបណា ដ្បិតដែនកោះនេះស្ថិតនៅចំណុចកណ្តាល នៃតំបន់គេហៅថា ខ្សែកោះទី១ នៃអាស៉ី-ប៉ាស៉ីហ្វិក ដែលតភ្ជាប់ពីកោះអូគីណាវ៉ា ទៅតៃវ៉ាន់ រហូតដល់ហ្វីលីពីន ដូច្នេះហើយសន្តិសុខរបស់តៃវ៉ាន់ មានសារសំខាន់ជាខ្លាំង សម្រាប់ប្រទេសដែលនៅជិតខាង។ លោក Koo បានព្រមានថា ការពង្រីកឥទ្ធិពលរបស់ចិន នឹងមិនបញ្ឈប់ត្រឹមតៃវ៉ាន់ឡើយ។
គួរបញ្ជាក់ថា តៃវ៉ាន់សព្វថ្ងៃ កំពុងបន្តប្រឈមការដាក់សម្ពាធនយោបាយនិងយោធា ក៏ដូចជាហានិភ័យនៃការវាយលុកពីប្រទេសចិន ដែលចាត់ទុកកោះនេះ ត្រឹមជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈទីក្រុងតៃប៉ិពឹងផ្អែកខ្លាំងលើទីក្រុងវ៉ាស៉ីនតោន ដើម្បីធ្វើជាខ្នងបង្អែកផ្នែកសន្តិសុខ។ យ៉ាងណាមិញ ការរិះគន់ម្តងហើយម្តងទៀតរបស់លោក ត្រាំ ជុំវិញបញ្ហាឧស្សាហកម្មបន្ទះឈីប និងការចំណាយលើវិស័យយោធា បានបង្កើនភាពស្រពេចស្រពិល អំពីឆន្ទៈរបស់លោក ក្នុងការការពារកោះតៃវ៉ាន់៕