(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាការផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចសម្រាប់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសអ៊ុយក្រែន ប្រៀបបានដូចជាការធានាសន្តិសុខមួយ ដល់ប្រទេសដែលត្រូវបានរុស្ស៉ីឈ្លានពានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី៣ ខែមីនា លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកចង់បានការធានាសន្តិសុខពិតប្រាកដ ប្រសិនបើអ្នកពិតជាចង់បាន ការធានាថាលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនឈ្លានពានអ៊ុយក្រែនសាជាថ្មី នោះការធានាសន្តិសុខដ៏ល្អបំផុតគឺផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចឱ្យសហរដ្ឋអាមេរិក នៅអ៊ុយក្រែន»

តាមលោក JD Vance ការផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចនេះ គឺជាការធានាសន្តិសុខល្អជាងកងទ័ព ២០ ០០០នាក់ មកពីបណ្ដាប្រទេសមួយចំនួនដែលមិនធ្លាប់ប្រយុទ្ធក្នុងសង្រ្គាមអស់រយៈពេលជាង ៣០ ឬ៤០ឆ្នាំមកនេះ៕