(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានរិះគន់កិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ស្ដីពីអ៊ុយក្រែនកាលពីចុងសប្ដាហ៍ ដោយអះអាងថា ការសន្យាផ្ដល់មូលនិធិបន្ថែមដល់ទីក្រុងកៀវ ពីសំណាក់មេដឹកនាំអឺរ៉ុប នឹងមិនជួយដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យសង្គ្រាមអូសបន្លាយពេលទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំលោកខាងលិចមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនោះ ពួកគេបានឯកភាពគ្នាលើការរៀបចំផែនការសន្តិភាពអ៊ុយក្រែនមួយ ដើម្បីដាក់ជូនសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Zelenskiy បានជួបប្រទះនឹងភាពតានតឹងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯសេតវិមាន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា ការសន្យាផ្ដល់មូលនិធិពីមេដឹកនាំអឺរ៉ុប រួមទាំងកិច្ចព្រមព្រៀងមីស៊ីលការពារដែនអាកាសតម្លៃ ២ ពាន់លានដុល្លារពីចក្រភពអង់គ្លេស នឹងគ្រាន់តែជាការ «បន្តអរិភាព» ប៉ុណ្ណោះ។ លោកបានបន្ថែមថា «គំនិតផ្តួចផ្តើមស្ថាបនាណាមួយ (ដើម្បីសន្តិភាព)» គឺជាអ្វីដែលចាំបាច់នៅពេលនេះ ហើយបានទទូចឱ្យមានការ «ដាក់សម្ពាធ» លើលោក Zelenskiy ឱ្យផ្លាស់ប្ដូរជំហររបស់ខ្លួន ដោយចោទប្រកាន់ថា មេដឹកនាំអ៊ុយក្រែនរូបនេះមិនចង់បានសន្តិភាពនោះទេ។
លោក Peskov បានលើកឡើងទៀតថា មេដឹកនាំអឺរ៉ុបនឹងត្រូវ «ខិតខំប្រឹងប្រែងច្រើន» ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកែប្រែស្ថានការណ៍បន្ទាប់ពីជំនួបដ៏តានតឹងរវាងលោក Zelenskiy និងលោក ត្រាំ។ ទោះជាយ៉ាងណា លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា លោកជឿជាក់ថាអាចនឹងស្ដារទំនាក់ទំនងរបស់លោកជាមួយលោក ត្រាំ ឡើងវិញបាន ប៉ុន្តែការពិភាក្សាទាំងនោះត្រូវតែធ្វើឡើងជាលក្ខណៈឯកជន៕