(ប៊ែកឡាំង)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកចូលហ្វូងមនុស្សនៅទីក្រុង Mannheim ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យប៉ូលិសបានឲ្យដឹងថា អ្នកបើកបរត្រូវបានឃាត់ខ្លួន ប៉ុន្តែមិនទាន់ច្បាស់ថាមានជនសង្ស័យផ្សេងទៀតជាប់ពាក់ព័ន្ធឬយ៉ាងណាទេ។ ចំណែកឯ មូលហេតុនៅក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ។
ហេតុការណ៍នេះបានកើតឡើង ចំពេលដែលប្រទេសអាល្លឺម៉ង់កំពុងប្រារព្ធពិធីបុណ្យក្បួន Carnival ហើយបានបង្កើនក្តីបារម្ភផ្នែកសន្តិសុខបន្ថែមទៀត បន្ទាប់ពីមានការវាយប្រហារដោយហិង្សាជាច្រើនលើកនៅក្នុងប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា ឃើញមនុស្សដេកនៅលើដី និងយ៉ាងហោចណាស់ពីរនាក់កំពុងទទួលការសង្គ្រោះ។ កាសែត Bild បានរាយការណ៍ដោយផ្អែកលើប្រភពសន្តិសុខថា មនុស្សពីរនាក់បានស្លាប់ និង ២៥ នាក់រងរបួស ប៉ុន្តែតួលេខផ្លូវការមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕