(ឡុងដ៍)៖ ចក្រភពអង់គ្លេស ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន​ជាច្រើន​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា បន្ទាប់​ពី​បារាំង​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​បទ​ឈប់​បាញ់​រយៈពេល​មួយ​ខែ​ដំបូង ​ដើម្បី​បើក​ផ្លូវ​សម្រាប់​កិច្ច​ចរចា​សន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ថ្លែង​ថា «មាន​ជម្រើស​ជាច្រើន​នៅ​លើ​តុ»។ ការ​លើកឡើង​នេះ​កើតឡើង​បន្ទាប់​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ​ដែល​ដឹកនាំ​ដោយ​អង់គ្លេស និង​បារាំង កំពុង​ពិនិត្យ​មើល​ជម្រើស ​សម្រាប់​សំណើ​សន្តិភាព​រួម​មួយ​សម្រាប់​អ៊ុយក្រែន។ កិច្ច​ពិភាក្សា​នេះ​កើតឡើង​ក្រោយ​ពី​មាន​ភាព​រកាំរកូស​ ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy កាលពី​សប្ដាហ៍​មុន។

កាលពី​ថ្ងៃអាទិត្យកន្លងទៅនេះ លោក Starmer បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អឺរ៉ុប​នៅ​ទីក្រុង​ឡុងដ៍​ ហើយ​បាន​ប្រកាស​ថា មេដឹកនាំ​អឺរ៉ុប​បាន​ឯកភាព​គ្នា​រៀបចំ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយក្រែន ​ដើម្បី​បង្ហាញ​ដល់​សហរដ្ឋអាមេរិក។

ក្នុង​បទសម្ភាសន៍​មួយ​មុន​កិច្ចប្រជុំ​កំពូល ប្រធានាធិបតី​បារាំង Emmanuel Macron បាន​លើក​ពី​លទ្ធភាព​នៃ​បទ​ឈប់​បាញ់​រយៈពេល​មួយ​ខែ។ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក Jean-Noel Barrot បាន​បញ្ជាក់​បន្ថែម​កាលពី​ថ្ងៃ​ចន្ទ​ថា បទ​ឈប់​បាញ់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវអាកាស សមុទ្រ និង​ថាមពល​នឹង​អាច​ឱ្យ​ភាគី​ពាក់ព័ន្ធ​វាយតម្លៃ​ពី​ភាព​ស្មោះត្រង់​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ការ​ប្តេជ្ញា​ចំពោះ​បទ​ឈប់​បាញ់។ លោក​បាន​បន្ថែម​ថា ពេល​នោះ​ហើយ​ដែល​កិច្ចចរចា​សន្តិភាព​ពិតប្រាកដ​អាច​ចាប់ផ្ដើម​បាន។

គួរបញ្ជាក់ថា បារាំង អង់គ្លេស និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត ​បាន​លើក​ពី​លទ្ធភាព​នៃ​ការ​បញ្ជូន​ទាហាន​ទៅ​អ៊ុយក្រែន​ ក្នុង​ករណី​មាន​បទ​ឈប់​បាញ់ ប៉ុន្តែ​បាន​បញ្ជាក់​ថា ពួកគេ​ចង់បាន​ការ​គាំទ្រ​ខ្លះ​ពី​សហរដ្ឋអាមេរិក។

លោក Zelenskiy បាន​ទទូច​ថា បទ​ឈប់​បាញ់​ណាមួយ​ត្រូវតែ​មាន​ការ​ធានា​សន្តិសុខ​ច្បាស់លាស់​ពី​លោកខាងលិច ដើម្បី​ធានា​ថា រុស្ស៊ី​ដែល​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​បី​ឆ្នាំមុន និង​កាន់កាប់​ប្រហែល ២០% នៃ​ទឹកដី​របស់​ខ្លួន នឹង​មិន​ធ្វើការ​វាយប្រហារ​ម្ដងទៀត​ឡើយ។ ទោះ​យ៉ាងណា លោក ត្រាំ បាន​បដិសេធ​មិន​ផ្ដល់​ការ​ធានា​បែប​នេះ​ទេ៕