(ឡុងដ៍)៖ ចក្រភពអង់គ្លេស និងបារាំង កំពុងរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងការបង្កើតផែនការសន្តិភាពមួយឡើង ដើម្បីបិទបញ្ចប់សង្រ្គាមនៅក្នុងប្រទេសរបស់លោក បន្ទាប់ពី ការឈ្លោះប្រកែកយ៉ាងតឹងសរសៃកដាក់គ្នារវាងលោក ហ្សេលេនស្គី និងលោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ក៏ប៉ុន្តែ គំនិតផ្ដួចផ្ដើមដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃទី២ ខែមីនា បានបង្កឱ្យមានការចោទសួរថាតើកិច្ចព្រមព្រៀងសន្តិភាពអាចធ្វើទៅកើតដែរឬទេ ហើយនៅក្រោមលក្ខខណ្ឌអ្វីដែរ ខណៈរុស្ស៉ីនៅតែបន្តបង្កអរិភាព រីឯចេតនារបស់អាមេរិកក៏មិនមាន ភាពច្បាស់លាស់ទៅទៀត។
* តើសន្តិភាពអាចសម្រេចបាន ក្រោមស្ថានការណ៍ដូចសព្វថ្ងៃ ឬ?
ទោះបីជាទាំងរុស្ស៉ី និងអ៊ុយក្រែន បាននិយាយថាពួកគេមានបំណងចង់បញ្ចប់សង្រ្គាមក៏ពិតមែន តែប្រទេសទាំង២សុទ្ធតែកំពុងស្ថិតនៅឆ្ងាយនៅឡើយពីកិច្ចព្រមព្រៀង។ រុស្ស៉ីនៅតែចិញ្ចឹមចិត្តគ្រប់គ្រង និងបន្តដណ្ដើម ទឹកដីអ៊ុយក្រែន ក៏ដូចជារារាំងកុំឱ្យអ៊ុយក្រែនក្លាយជាសមាជិក NATO។ ព្រមពេលជាមួយគ្នា អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធដើម្បីអាយុជីវិតជាតិរបស់ខ្លួន។ «ជាទស្សនៈរបស់ខ្ញុំ នោះគឺអ្វីដែលរុស្ស៉ីចង់បាន សហរដ្ឋអាមេរិក មិនអាចឱ្យបានទេ ហើយអ៊ុយក្រែនវិញនឹងមិនអាចទទួលយកបានដែរ»។ នេះជាការយល់ឃើញរបស់លោក Lawrence Freedman ជាសាស្ត្រចារ្យជាន់ខ្ពស់ម្នាក់មកពីសាកលវិទ្យាល័យ King’s College London។ ម្យ៉ាងវិញទៀត ថ្វីបើអ៊ុយក្រែនហាក់បញ្ជាក់ថាខ្លួនអាចនឹងទទួលយកខ្សែបន្ទាត់ព្រំដែននៃសមរភូមិសព្វងថ្ងៃក៏ដោយ តែទីក្រុងកៀវប្រាកដណាស់នឹងសុខចិត្តជ្រើសរើសការប្រយុទ្ធ ជាជាងទទួលលក្ខខណ្ឌសង្កត់សង្កិន។ ប្រជាជនអ៊ុយក្រែនភាគច្រើនមិនចង់រស់នៅក្រោមឥទ្ធិពលរុស្ស៉ីនោះទេ។ ក្នុងន័យនេះបើមិនមានការគាំទ្រពីប្រជាជនអ៊ុយក្រែនភាគច្រើនទេ ម្ល៉េះសង្រ្គាមក៏មិនអាចបន្តអូសបន្លាយមកទល់នឹងសព្វថ្ងៃនោះដែរ។
* តើនឹងមានអ្វីកើតឡើង ប្រសិនបើអាមេរិកបោះបង់ចោលអ៊ុយក្រែន?
ការឈ្លោះប្រកែកគ្នារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី គឺជាសញ្ញាមួយបង្ហាញពីភាពប្រេះឆានៅក្នុងទំនាក់ទំនងការទូតរវាងអាមេរិក និងអ៊ុយក្រែន ជាហេតុជំរុញឱ្យមានការចោទសួរថាតើសហរដ្ឋអាមេរិកអាចនឹង ឈប់បញ្ជូនជំនួយយោធាថ្មីៗទៅឱ្យអ៊ុយក្រែន ឬក៏យ៉ាងណា? អាមេរិកនៅសល់កញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបន្សល់ទុកដោយរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន។ តែរឿងដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ កំពុងបង្កឱ្យមានការសង្ស័យចំពោះអនាគតជំនួយយោធានេះ។ តាមក្រុមអ្នកវិភាគ ការកាត់ផ្ដាច់ ឬការបញ្ឈប់ផ្ដល់ជំនួយយោធាពីសហរដ្ឋអាមេរិក អាចនឹង ធ្វើឱ្យស្ថានការណ៍នៅលើសមរភូមិកាន់តែលំបាកសម្រាប់អ៊ុយក្រែន។ ក្រុមមន្ត្រីយោធាអ៊ុយក្រែនបានវាយតម្លៃថា ២០ភាគរយនៃសព្វាវុធដែលកងទ័ពអ៊ុយក្រែនកំពុងប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី គឺមានប្រភពមកពីសហរដ្ឋអាមេរិក ខណៈ៥៥ភាគរយជាអាវុធរបស់អ៊ុយក្រែនផ្ទាល់ និង២៥ភាគរយមកពីសម្ព័ន្ធអឺរ៉ុប។ ២០ភាគរយនៃអាវុធបានមកពីអាមេរិកនេះទៀតសោត ជាប្រភេទអាវុធទំនើបៗ និងមានសមត្ថភាព ខ្ពស់ដែលពិបាកនឹងរកអាវុធផ្សេងមកជំនួស។
តែទោះជាបែបនេះក្ដី វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (Institute for the Study of War) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាខណៈកងទ័ពអ៊ុយក្រែនមួយផ្នែកធំ កំពុងស្ថិតក្នុងគោលជំហរការពារ ការវាយលុករបស់រុស្ស៉ីមានភាពយឺតយ៉ាវអំឡុងឆ្នាំ២០២៤ និងមានអត្រាកងទ័ពស្លាប់ និងរបួសជាង ១០០០នាក់ ក្នុងមួយថ្ងៃ។ តាមវិទ្យាស្ថាននេះដដែល មកទល់នឹងពេលនេះ រុស្ស៉ីមិនទាន់វាយដណ្ដើមបានទីក្រុងសំខាន់ ឬធំៗណាមួយនោះទេ ហើយបើបន្តយឺតយ៉ាវដូចកម្រិតកាលពីឆ្នាំមុន ទីក្រុងមូស្គូអាចនឹងត្រូវប្រើពេល ២ឆ្នាំបន្ថែមទៀត ដើម្បីវាយដណ្ដើមផែ្នកសេសសល់នៃតំបន់ Donetsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។
* តើអឺរ៉ុបអាចបំពេញចន្លោះខ្វះខាតនៃជំនួយយោធាអាមេរិក ដែរទេ?
វាពិតជាពិបាកណាស់ ដើម្បីដឹងថាតើអឺរ៉ុបអាចជំនួសអ្វីៗគ្រប់យ៉ាងដែលសហរដ្ឋអាមេរិកបានផ្ដល់ទៅឱ្យអ៊ុយក្រែនបានដែរឬអត់? នេះបានន័យថាស្ថានការណ៍យោធារបស់អ៊ុយក្រែននឹងនៅតែពិបាក បើគ្មានជំនួយយោធាពី សហរដ្ឋអាមេរិក។ លោកស្រី Rachel Ellehuus ជាអគ្គនាយកវិទ្យាស្ថាន Royal United Services Institute បាននិយាយថាការចូលរួមចំណែករបស់អាមេរិក មានសារៈសំខាន់បំផុតសម្រាប់ផ្នែកសំខាន់ៗទាំង៣ រួមមាន៖ ទី១ គឺប្រព័ន្ធការពារដែនអាកាស ដែលបណ្ដាប្រទេសអឺរ៉ុបពិបាករកប្រព័ន្ធការពារដែនអាកាសផ្សេងមកជំនួសប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិកដូចជា Patriot។ ទី២ មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ ខណៈអាល្លឺម៉ង់ បដិសេធផ្ដល់មីស៊ីល Taurus របស់ខ្លួនឱ្យអ៊ុយក្រែន ហើយមីស៊ីល Storm Shadow របស់បារាំង និងអង់គ្លេស ត្រូវបានផ្គត់ផ្គង់ក្នុងចំនួនតិចតួច។ ទី៣ នោះគឺផ្កាយរណបទំនាក់ទំនងដែលកងទ័ពអ៊ុយក្រែន កំពុងពឹងផ្អែក ជាចំាបាច់លើផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk។ ក្រៅពីនេះ វាក៏មានបញ្ហាផងដែរ ពាក់ព័ន្ធនឹងការចំណាយ។ គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកផ្ដល់ជំនួយជាអាវុធ និងគ្រាប់រសេវ គិតជាទឹកប្រាក់ ៣៣.៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ភ្ជាប់ជាមួយមូលនិធិបន្ថែម ៣៣.២ពាន់លានដុល្លារ ដើម្បីឱ្យអ៊ុយក្រែនទិញអាវុធពីក្រុមហ៊ុនអាមេរិក។ រីឯ ជំនួយពីសហភាពអឺរ៉ុបវិញ បើគិតជំនួយយោធាពីបណ្ដាប្រទេសអឺរ៉ុប ទាល់តែបូកបញ្ចូលគ្នាទាំងអស់ ទើបអាចប្រហាក់ប្រហែលនឹងជំនួយយោធាអាមេរិក ពោលគឺ ៦២ពាន់លានអឺរ៉ូ ឬនិយាយជារួម អឺរ៉ុបផ្ដល់ជំនួយច្រើនជាងអាមេរិក តែខាងមនុស្សធម៌ និងហិរញ្ញវត្ថុប៉ុណ្ណោះ។ នេះបើតាម សាកលវិទ្យាល័យ University of Kiel ក្នុងប្រទេសអាល្លឺម៉ង់។ ដូច្នេះ អឺរ៉ុបត្រូវបង្កើនការផ្ដល់ជំនួយឱ្យអ៊ុយក្រែន ហើយតាមរយៈការបង្កើនការផ្ដល់ជំនួយណាមួយ អាចនឹងជំរុញឱ្យអឺរ៉ុបត្រូវប្រើប្រាស់លុយជាង ៣០០ពាន់លានដុល្លាររបស់រុស្ស៉ីដែលត្រូវបានបង្កកនៅតាមធនាគារនៃបណ្ដាប្រទេសអឺរ៉ុប បើទោះជាវាមិនច្បាស់ថាតើការធ្វើបែបនេះស្រប ឬមិនស្របច្បាប់ក៏ដោយ។
* តើអឺរ៉ុបអាចធានាសន្តិភាពនៅអ៊ុយក្រែន ដោយមិនចាំបាច់មានអាមេរិក ឬ?
ជាការពិតណាស់ ទោះជាមានកិច្ចពិភាក្សាពីការដាក់ពង្រាយកងទ័ពអឺរ៉ុប ដើម្បីជួយការពារសន្តិភាពនៅអ៊ុយក្រែនក៏ពិតមែន តែរឿងសំខាន់គឺគេត្រូវស្វែងរកឱ្យបានបទឈប់បាញ់ជាមុនសិន។ រុស្ស៉ី បាននិយាយរួចហើយថា ខ្លួនប្រឆាំងនឹងរាល់ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប ឬ NATO នៅលើទឹកដីអ៊ុយក្រែន។ ប៉ុន្តែ ខណៈមូស្គូគ្មានសិទ្ធិវេតូប្រឆាំងនឹងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅលើទឹកដីអ៊ុយក្រែន ដែលមិនស្ថិត ក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី ការប្រឆាំងជំទាស់របស់មូស្គូ នឹងធ្វើឱ្យកងកម្លាំងអឺរ៉ុបណាមួយនៅលើអ៊ុយក្រែន អាចប្រថុយនឹងផ្ទុះសង្រ្គាមជាមួយរុស្ស៉ី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ ច្បាស់ៗថាប្រសិនបើកងទ័ពអឺរ៉ុបធ្វើដំណើរទៅកាន់អ៊ុយក្រែន នោះគឺពួកគេនឹងត្រូវធ្វើដំណើរទៅ ដោយគ្មានសហរដ្ឋអាមេរិក ទៅជាមួយឡើយ។
ចក្រភពអង់គ្លេស បានជំរុញឱ្យសហរដ្ឋអាមេរិកផ្ដល់ការគាំទ្រក្នុងគ្រាអាសន្ន ដល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងពេលអនាគត តួយ៉ាងដូចជាការគាំទ្រតាមផ្លូវអាកាស ប៉ុន្តែ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer មិនអាចបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានានោះទេ អំឡុងជំនួបជាមួយលោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃទី២៧ ខែកុម្ភៈ។ លើសពីនេះទៅទៀត ការទាស់សម្ដីគ្នារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បានធ្វើឱ្យក្ដីរំពឹងលើការធានាសន្តិសុខពីអាមេរិកកាន់តែខើចទៅៗថែមទៀតផង ស្របពេលលោក ត្រាំ ចោទលោក ហ្សេលេនស្គីថាកំពុងយកអាយុជីវិតប្រជាជនរាប់លាននាក់ ទៅប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣។ «ថាតើអឺរ៉ុបនឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិកឬទេ? ខ្ញុំមិនគិតដូច្នេះឡើយ»។ នេះជាការលើកឡើងរបស់លោក Lord Ricketts ជាអតីតទីប្រឹក្សាសន្តិសុខជាតិរដ្ឋាភិបាលអង់គ្លេស ជាមួយការបន្ថែមថាវានឹង ក្លាយជារឿងដ៏ស្មុគស្មាញ ពីព្រោះថាតើសុវត្ថិភាពរបស់កងកម្លាំងរក្សាសន្តិភាពអឺរ៉ុបនៅអ៊ុយក្រែននឹងត្រូវបានធានាដោយរបៀបណា ប្រសិនបើរុស្ស៉ីបំពានលើបទឈប់បាញ់។
គួរបញ្ជាក់ថា រាប់ជំនាន់មកនេះ អឺរ៉ុបអាចមានសមត្ថភាពផ្ដោតជាអាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច ស្របពេលសហរដ្ឋអាមេរិកផ្ដល់ការធានាសន្តិសុខក្រោមឆត្រនុយក្លេអ៊ែរ។ ប៉ុន្តែ ឥលូវ ក្រោមអាណត្តិទី២ របស់លោក ត្រាំ ការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះ NATO គឺមិនច្បាស់លាស់នោះទេ ហើយវាក៏មិនច្បាស់ទៀតផងថារូបលោកអាចរក្សាកងទ័ពអាមេរិកជាង ១០០ ០០០នាក់ នៅលើទ្វីបអឺរ៉ុប តទៅទៀតឬក៏យ៉ាងណា ក្នុងបរិបទដែលសេតវិមាន មានបំណងស្វែងរកកិច្ចចរចាសន្តិសុខដោយផ្ទាល់ជាមួយរុស្ស៉ី។ តាមលោកស្រី Rachel Ellehuus ពេលខ្លះវាច្បាស់ណាស់ថាសហរដ្ឋអាមេរិកមានអាទិភាពសន្តិសុខផ្សេងដែលត្រូវផ្ដោតទាំងនៅក្នុងស្រុក និងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ជាទីដែលអាមេរិកត្រូវប្រជែងគ្នាយូរអង្វែងជាមួយចិន។ លោកស្រីបន្តថានេះជារឿងមួយដែលសម្ព័ន្ធមិត្ត NATO បានដឹងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ តែមកទល់ឥលូវ មិនទាន់មានអ្វីដែលជំរុញឱ្យពួកគេធ្វើសកម្មភាពនៅឡើយទេ។ ដូច្នេះថាតើ NATO អាចឆ្លងផុតអាណត្តិលោក ត្រាំ ដែរ ឬអត់ គឺជាសំណួរមួយដ៏ពិបាករកចម្លើយ៕