(តូក្យូ)៖ អ្នកពន្លត់អគ្គិភ័យជិត ១ ៧០០នាក់ កំពុងទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំ មិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំ ក្នុងប្រទេសជប៉ុន ខណៈអ្នកស្រុកប្រហែល ៤ ៦០០នាក់ ស្ថិតក្រោមការណែនាំឱ្យជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។
មនុស្សម្នាក់បានស្លាប់ កាលពីសប្តាហ៍មុន ក្នុងគ្រោះអគ្គិភ័យនៅភាគខាងជើងតំបន់ Iwate បន្ទាប់ពីមានភ្លៀងធ្លាក់តិចតួចបំផុត។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ភ្លើងឆេះនៅជិតទីក្រុង Ofunato បានរាលដាលពាសពេញផ្ទៃដីប្រហែល ២ ១០០ហិកតា ចាប់តាំងពីថ្ងៃព្រហស្បតិ៍។
អ្នកពន្លត់អគ្គីភ័យមកពីតំបន់ចំនួន ១៤របស់ជប៉ុន រួមទាំងអង្គភាពមកពីទីក្រុងតូក្យូ ឥឡូវនេះកំពុងជួយពន្លត់ភ្លើងឆេះព្រៃ ដោយប្រើឧទ្ធម្ភាគចក្រ ១៦គ្រឿង។ តាមការប៉ាន់ស្មាន ភ្លើងបានបំផ្លាញអគារចំនួន ៨៤ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ មនុស្សប្រហែល ២ ០០០នាក់បានចាកចេញពីតំបន់នេះ ទៅស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិ ខណៈដែលជាង ១ ២០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅក្នុងប្រទេសជប៉ុន បានកើតឡើង ១ ៣០០លើកទូទាំងប្រទេស អំឡុងខែកុម្ភៈ ដល់ខែមេសា ឆ្នាំ ២០២៣ ដោយសារតែឥទ្ធិពលខ្យល់ស្ងួត ហើយបោកបក់ខ្លាំង។ មកទល់នឹងខែកុម្ភៈ ឆ្នាំនេះ ទីក្រុង Ofunato មានភ្លៀងធ្លាក់ត្រឹមតែ ២.៥មីលីម៉ែត្រប៉ុណ្ណោះ គឺទាបជាងធម្មតាដែលមានកម្រិត ៤១មីលីម៉ែត្រ៕