(គែរ)៖ រដ្ឋមន្រ្តីការបរទេស លោក Badr Abdelatty បាននិយាយថា ផែនការកសាងតំបន់ហ្កាហ្សារបស់អេហ្ស៉ីប ដែលធានាថាប្រជាជនប៉ាឡេស្ទីន អាចបន្តស្ថិតនៅក្នុងដែនដីរបស់ខ្លួន បានរៀបចំរួចរាល់ហើយ និងត្រៀមយកទៅបង្ហាញដល់ កិច្ចប្រជុំកំពូលអារ៉ាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។
បណ្តារដ្ឋអារ៉ាប់ គ្រោងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប នាថ្ងៃអង្គារ ដើម្បីស្វែងរកការឯកភាពគ្នា ប្រឆាំងនឹងគំនិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឱ្យហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីន។
លោក Abdelatty និយាយថា អេហ្ស៉ីបនឹងស្វែងរកការគាំទ្រជាអន្តរជាតិ ក៏ដូចជាផ្តល់មូលនិធិដល់ផែនការនេះ ហើយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អឺរ៉ុប ជាពិសេសការផ្តល់ហិរញ្ញប្បទានដល់ការកសាងតំបន់ឡើងវិញ។ លោក Abdelatty បញ្ជាក់ថា «យើងនឹងពិភាក្សាស៉ីជម្រៅ ជាមួយបណ្តាប្រទេសម្ចាស់ជំនួយធំៗ នៅពេលដែលផែនការ ត្រូវបានអនុម័តពីកិច្ចប្រជុំកំពូលអារ៉ាប់»។
ខណៈបទឈប់បាញ់ជាមួយក្រុមហាម៉ាសបានជាប់គាំង អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅ បានរារាំងរថយន្តដឹកជំនួយ ចូលក្នុងតំបន់ហ្កាហ្សា ដោយបើតាមលោក Abdelatty អេហ្ស៉ីបមានការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីដំបូង និងត្រូវបន្តឈានទៅដំណាក់កាលទីពីរ ប៉ុន្តែថាវាមានការពិបាកផ្នែកសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយ៕