Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការពារជាតិអាមេរិក ផ្អាកប្រតិបត្តិការវាយលុកតាមប្រព័ន្ធអ៉ីនធើណិត ប្រឆាំងរុស្ស៉ី, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក (Video inside)

03-03-2025 15:11

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា បណ្តាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅសហរដ្ឋអាមេរិក បានរាយការណ៍ថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានចេញបញ្ជាឱ្យផ្អាកប្រតិបត្តិការសាយប័រ (cyber) ទាំងអស់ ប្រឆាំងនឹងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងសកម្មភាពវាយលុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំងនោះ កាសែត New York Times បានរាយការណ៍ថា បទបញ្ជាខាងលើ ស្ថិតក្នុងផ្នែកនៃការពិនិត្យវាយតម្លៃទាំងស្រុងឡើងវិញ ទៅលើប្រតិបត្តិការនានារបស់សហរដ្ឋអាមេរិក ដែលមានគោលដៅប្រឆាំងទីក្រុងមូស្គូ ខណៈរយៈពេលនៃផ្អាក នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រសួងការពារជាតិអាមេរិក បានបដិសេធផ្តល់ការអត្ថាធិប្បាយ ក្រោយទីភ្នាក់ងារព័ត៌មាន AFP បានស្នើសុំការបកស្រាយ ជុំវិញសេចក្តីរាយការណ៍អំពីរឿងនេះ។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ អំពីការកែប្រែគោលនយោបាយសាយប័រនេះ កើតមានឡើង ស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពុងជំរុញការចរចា ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងប៉ុន្មានថ្ងៃ បន្ទាប់ពីរូបលោកបានរិះគន់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំឡុងជំនួបដ៏តឹងសរសៃក នៅឯសេតវិមាន។ ក្រុមលោកខាងលិច ធ្លាប់បានចោទរុស្ស៉ីថា ជាអ្នកនៅពីក្រោយសកម្មភាពផ្សេងៗជាច្រើន ដែលមានគោលដៅព្យាយាមបំផ្លាញការគាំទ្រសម្រាប់​អ៊ុយក្រែន ដែលបាននិងកំពុងបន្តតស៊ូប្រឆាំង សង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ៕