(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានរារាំងរថយន្តដឹកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សា ចំពេលមានការខ្វែងគំនិតគ្នាលើបទឈប់បាញ់ ដោយអ៉ីស្រាអែល ចង់ពន្យារពេលបទឈប់បាញ់ដំណាក់កាលទីមួយ រីឯក្រុមហាម៉ាសចង់ចរចារកបទឈប់បាញ់ដំណាក់កាលទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា មិនអាចទទួលបានជំនួយទៀតទេ ហើយការចរចាបន្ថែមគួរតែពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង។ លោក Gideon Saar និយាយទៀតថា អាមេរិកយល់ពីការសម្រេចចិត្តរបស់អ៉ីស្រាអែល ជុំវិញការផ្អាកលំហូរនៃជំនួយ និងបានបន្ទោសក្រុមហាម៉ាស់ ចំពោះភាពជាប់គាំងក្នុងកិច្ចចរចា នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានយល់ស្របនឹងសំណើរបស់ លោក Steve Witkoff ដែលជាបេសកជនរបស់លោក ត្រាំ ឱ្យពន្យារពេលបទឈប់បាញ់ដំណាក់កាលទីមួយ រយៈពេល ៤២ថ្ងៃទៀត អំឡុងខែបុណ្យរ៉ាម៉ាឌន។ បើមានការឯកភាព ការប្រយុទ្ធគ្នានឹងផ្អាករហូតដល់បញ្ចប់ខែបុណ្យរ៉ាម៉ាឌន នាថ្ងៃទី២០ ខែមេសា។ អំឡុងការពន្យារពេល ក្រុមហាម៉ាស់ ត្រូវដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលពាក់កណ្តាល នៃចំនួនដែលនៅសល់ក្នុងតំបន់ហ្កាហ្សា នៅថ្ងៃដំបូងដែលមានការព្រមព្រៀង ហើយអ្នកនៅសល់នឹងដោះលែងនៅថ្ងៃបញ្ចប់។

ប៉ុន្តែ ក្រុមហាម៉ាស ប្តេជ្ញាធ្វើតាមអ្វីដែលបានព្រមព្រៀងគ្នា កាលពីពេលដែលមានបទឈប់បាញ់ដំណាក់កាលទីមួយ ដើម្បីឈានទៅរកដំណាក់កាលទីពីរ ដែលនឹងមានការចរចាសំដៅបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍តែម្តង ហើយបានច្រានចោលគំនិតពន្យារពេលបណ្តោះអាសន្ន៕