Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ព័ន្ធមិត្តរបស់លោក ត្រាំ ដាក់សម្ពាធឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្ដូរគោលជំហរ ឬចុះចេញពីតំណែង (Video inside)

03-03-2025 10:48

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសាធារណរដ្ឋកំពូលៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផ្លាស់ប្ដូរគោលជំហររបស់លោកចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង ដែលជានេះការបង្កើនការដាក់សម្ពាធលើលោក ហ្សេលេនស្គី បន្ទាប់ពីការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នៅឯសេតវិមានកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមេដឹកនាំអឺរ៉ុប បានបង្ហាញការគាំទ្រដល់លោក ហ្សេលេនស្គី ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យសមភាគីរបស់លោកបង្កើនការចំណាយលើវិស័យការពារជាតិ តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance ឈ្លោះប្រកែកគ្នាជាមួយលោក ហ្សេលេនស្គី នៅការិយាល័យពងក្រពើ ជាហេតុធ្វើឱ្យលោក ហ្សេលេនស្គី ចាកចេញពីសេតវិមានទាំងកណ្ដាលទី ដោយមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលបានគ្រោងទុកនោះទេ។

ការប៉ះសម្ដីគ្នារវាងលោក ត្រាំ លោក JD Vance ជាមួយលោក ហ្សេលេនស្គី បានបង្កភាពភ្ញាក់ផ្អើល និងលើកឡើងពីការចោទសួរថាតើដំណាក់កាលបន្ទាប់ក្នុងសង្រ្គាមដែលដុតបញ្ឆេះដោយរុស្ស៉ី កាលពីឆ្នាំ២០២២ និងកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនេះ នឹងទៅជាយ៉ាងណា? លោក ហ្សេលេនស្គី បានអះអាងថាក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្ល៉ាឌីមៀ ពូទីន មិនបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ២០១៩ឡើយ ហើយថែមទាំងចាត់ទុកលោក ពូទីន ជាឃាតករ និងជាភេរវករ ទៀតផង។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ Mike Waltz បាននិយាយថាវាមិនច្បាស់នោះទេថាតើរដ្ឋបាលលោក ត្រាំ ជឿថាលោក ហ្សេលេនស្គី បានត្រៀមលក្ខណៈជាស្រេចដើម្បីចរចាបញ្ចប់សង្រ្គាម ឬក៏យ៉ាងណា? លោកក៏បានគូសបញ្ជាក់ ផងដែរពីគោលដៅរបស់លោក ត្រាំ ដើម្បីស្វែងរកសន្តិភាពអចិន្ត្រៃយ៍រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ដែលមានពាក់ព័ន្ធនឹងការធ្វើសម្បទានទឹកដី ជាថ្នូរនឹងការធានាសន្តិសុខមួយដឹកនាំដោយអឺរ៉ុប។

នៅពេលត្រូវបានសាកសួរថាតើលោក ត្រាំ ចង់ឱ្យលោក ហ្សេលេនស្គី លាលែងចេញពីតំណែងដែរឬទេ? លោក Waltz បានប្រាប់កម្មវិធី State of the Union របស់ទូរទស្សន៍ CNN ថា «យើង ត្រូវការមេដឹកនាំម្នាក់ដែលអាចដោះស្រាយជាមួយពួកយើង ហើយឈានដល់អាចដោះស្រាយជាមួយរុស្ស៉ី និងបញ្ចប់សង្រ្គាមនេះ»។ ទីប្រឹក្សារូបនេះបន្ថែមថា «ប្រសិនបើវាមើលទៅហាក់ដូចជា ចេតនាផ្ទាល់ខ្លួន ឬចេតនានយោបាយរបស់លោក ហ្សេលេនស្គី ដើរផ្ទុយចេញពីការបញ្ចប់ការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសរបស់លោក នោះខ្ញុំគិតថាពិតណាស់យើងនឹងជួបបញ្ហាធំ»

គួរបញ្ជាក់ថា ក្រៅពីលោក Waltz សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ លោក Lindsey Graham និងជាសម្ព័ន្ធមិត្តជិតសិ្នទ្ធម្នាក់របស់លោក ត្រាំ ក៏បានចោទសួរដែរថាតើអាមេរិក អាចបន្តធ្វើការជាមួយលោក ហ្សេលេនស្គី តទៅទៀតដែរឬទេ ក្រោយការឈ្លោះប្រកែកគ្នានៅសេតវិមាន។ ចំណែក លោក Mike Johnson ជាប្រធានរដ្ឋសភាអាមេរិកមកពីខាងបក្សសាធារណរដ្ឋ គ៏បានថ្លែងសារស្រដៀងគ្នានេះដែរ៕