(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា បានអរគុណប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ ការយល់ព្រមពន្លឿនការបញ្ជូនអាវុធឱ្យអ៉ីស្រាអែល ដែលនឹងជួយដល់ការបង្ហើយការងារប្រឆាំងបក្សសម្ព័ន្ធភេរវកររបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ណេតាន់យ៉ាហ៊ូ បានប្រកាន់ជំហរប្រឆាំងអ៉ីរ៉ង់ កម្មវិធីនុយក្លេអ៊ែរ និងដៃជើងរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានក្រុមសកម្មប្រយុទ្ធហាម៉ាសដែលអ៉ីស្រាអែលបាន និងកំពុងធ្វើសង្រ្គាមជាមួយ នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។ ក្នុងសេចក្ដីថ្លែងការណ៍មួយជាភាសាអង់គ្លេស លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «លោក ដូណាល់ ត្រាំ គឺជាមិត្ត ដ៏អស្ចារ្យដែលអ៉ីស្រាអែលមិនដែលមានពីមុនមកនៅក្នុងសេតវិមាន ហើយលោកបានបង្ហាញវាតាមរយៈការបញ្ជូនអាវុធទាំងអស់ដែលដំបូងឡើយត្រូវបានពន្យារពេលប្រគល់។ នេះជា មធ្យោបាយដែលលោកកំពុងផ្ដល់ឱ្យអ៉ីស្រាអែលនូវអាវុធដែលយើងត្រូវការជាចាំបាច់ដើម្បីបង្ហើយការងារប្រឆាំងបក្សសម្ព័ន្ធភេរវកររបស់អ៉ីរ៉ង់»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយដើម្បីពន្លឿនការបញ្ជូនអាវុធ ក្រោមជំនួយយោធាទំហំ ទឹកប្រាក់ ៤ពាន់លានដុល្លារ សម្រាប់អ៉ីស្រាអែល ជាមួយការបន្ថែមថាការហាមឃាត់ការប្រគល់អាវុធមួយចំនួនឱ្យអ៉ីស្រាអែល ក្រោមអាណតិ្តអតីតប្រធានាធិបតី ចូ បៃដិន ត្រូវបានលុបចោល៕