(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា បាននិយាយថាអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ដើម្បីចុះកិច្ចព្រមព្រៀងរ៉ែជាមួយ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលបន្ទាន់មួយជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ក្នុងទីក្រុងឡុងដ៍ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀង ដែលកំពុងស្ថិតនៅលើតុ នឹងត្រូវបានចុះហត្ថលេខា ប្រសិនបើភាគីទាំងសងខាងត្រៀមលក្ខណៈរួចរាល់»។ កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានសន្មត់ថាជាការបោះជំហានឆ្ពោះទៅរក ការបិទបញ្ចប់ជម្លោះនៅអ៊ុយក្រែន បានបរាជ័យកាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ បន្ទាប់ពីលោក ហ្សេលេនស្គី និងលោក ត្រាំ ទាស់សម្ដីគ្នាខ្លាំងចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅឯ ការិយាល័យពងក្រពើនៃសេតវិមាន។

ជាមួយគ្នានោះដែរ តាមរយៈការដង់ស្រង់សម្ដីដោយសារព័ត៌មាន BBC លោក ហ្សេលេនស្គី បាននិយាយថា «វាជាគោលនយោបាយមួយរបស់យើង ដើម្បីបន្តអ្វីដែលបានកើតឡើង កន្លងមក។ យើងកំពុងស្ថាបនា។ ប្រសិនបើយើងព្រមព្រៀងគ្នាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ នោះយើងត្រៀមខ្លួនរួចហើយដើម្បីចុះហត្ថលេខា»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយជាលោក ដូណាល់ ត្រាំ ជាកិច្ចព្រមព្រៀង មួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកធ្វើអាជីវកម្មលើរ៉ែសំខាន់ៗ និងរ៉ែកម្រមួយចំនួនរបស់អ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ នៅឯ ការិយាល័យពងក្រពើ លោក ត្រាំ និងលោក ហ្សេលេនស្គី បានទាស់សម្ដីគ្នា ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយលោក ពូទីន ហើយលោក ត្រាំ បានប្រាប់ឱ្យលោក ហ្សេលេនស្គី ចេះដឹង គុណចំពោះជំនួយយោធាដែលអាមេរិកបានផ្ដល់ទៅឱ្យទីក្រុងកៀវ ពីព្រោះបើគ្មានជំនួយយោធានេះទេ ម្ល៉េះអ៊ុយក្រែនធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៉ីបាត់ទៅហើយ។

ក្រោយការឈ្លោះប្រកែកគ្នានេះ បណ្ដាមេដឹកនាំអឺរ៉ុប បានចេញមុខគាំទ្រលោក ហ្សេលេនស្គី ហើយជាថ្មីម្ដងទៀតពួកគេបានបង្ហាញការគាំទ្រដល់មេដឹកនាំអ៊ុយក្រែនរូបនេះនៅឯ កិច្ចប្រជុំកំពូលមួយរៀបចំឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបាននិយាយថាបណ្ដាមេដឹកនាំអឺរ៉ុបបានសន្យាថានឹងបន្តផ្ដល់ជំនួយបន្ថែមដើម្បីសន្តិសុខ អ៊ុយក្រែន ហើយនឹងបង្កើតក្រុមចម្រុះមួយដើម្បីការពារបទឈប់បាញ់ណាមួយនៅពេលអនាគត៕