Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Rubio ចុះហត្ថលេខាលើសេចក្តីប្រកាសដើម្បីពន្លឿនជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល ដោយមិនចាំបាច់ឆ្លងសភា (Video inside)

02-03-2025 20:56

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា លោកបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដើម្បីពន្លឿនការផ្តល់ជំនួយយោធា ដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ ទៅឱ្យអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ បានអនុម័តលើការលក់អាវុធ ដែលមានតម្លៃជិត ១២ពាន់លានដុល្លារ ទៅឱ្យអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីឡើងកាន់អំណាច។

លោក Rubio បានបញ្ជាក់ថា ការផ្តល់ជំនួយនេះ គឺដើម្បីជួយឱ្យអ៊ីស្រាអែល ការពារខ្លួន និងទប់ទល់នឹងការគំរាមកំហែង ពីសំណាក់ក្រុមភេរវករ។ លោកបានប្រើអាជ្ញាធរគ្រាអាសន្នដើម្បីពន្លឿនការផ្តល់ជំនួយនេះ ខណៈអ៊ីស្រាអែលកំពុងស្ថិតក្នុងបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាស់ បន្ទាប់ពីជម្លោះនៅតំបន់ហ្គាហ្សា។

កាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណក៏បានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធសក្តានុពលប្រមាណ ៣ ពាន់លានដុល្លារ រួមមានគ្រាប់បែក ឧបករណ៍កម្ទេច និងអាវុធផ្សេងទៀត ជូនដល់អ៊ីស្រាអែលផងដែរ។ រដ្ឋបាលបានជូនដំណឹងសភាអំពីការលក់នេះភ្លាមៗ ដោយរំលងនីតិវិធីត្រួតពិនិត្យតាមបែបប្រពៃណី ដែលអនុញ្ញាតឱ្យសមាជិកសភាពិនិត្យ និងសួរព័ត៌មានបន្ថែម។ នេះជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលរដ្ឋបាល ត្រាំ ប្រើអំណាចគ្រាអាសន្នដើម្បីអនុម័តការលក់អាវុធទៅអ៊ីស្រាអែលយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទបានលុបចោលបទបញ្ជាមួយពីសម័យរដ្ឋបាល Biden ដែលតម្រូវឱ្យរាយការណ៍អំពីការរំលោភច្បាប់អន្តរជាតិដែលអាចពាក់ព័ន្ធនឹងអាវុធអាមេរិក ព្រមទាំងបានកាត់បន្ថយជំនួយមនុស្សធម៌ភាគច្រើនរបស់សហរដ្ឋអាមេរិក៕