(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានថ្លែងនៅថ្ងៃពុធអំឡុងពេលដែលលោកត្រៀម ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ថាលោកចង់ឲ្យកងទ័ពបរទេស (អាមេរិក) ចាកចេញពីប្រទេសដីកោះមួយនេះ នាយ៉ាងហោចណាស់ពីរឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
លោក ឌូធើតេ បានទៅដល់ប្រទេសជប៉ុននៅថ្ងៃអង្គារ និងកំពុងត្រៀមជួបពិភាក្សាជាមួយលោក អាបេ នៅល្ងាចថ្ងៃពុធនេះ ប៉ុន្តែលោកបានឆ្លៀតពេលធ្វើការឆ្លើយតបនឹងសំនួរជាច្រើនពីសំណាក់ក្រុមអ្នក សារព័ត៌មាន។ ជុំវិញការត្រួតត្រារបស់អាមេរិក មកលើប្រទេសហ្វីលីពីនជាងកន្លះសតវត្សរ៍មកនេះ លោក ឌូធើតេ បានអះអាងច្បាស់ៗថាលោកនឹងជំរុញឲ្យមានការអនុវត្តន៍នយោបាយការបរទេសឯករាជ្យ ហើយហ្វីលីពីននឹងនៅតែរស់រានជានិច្ច បើទោះបីជាគ្មានជំនួយពីសហរដ្ឋអាមេរិកក៏ដោយ។
គួរបញ្ជាក់ថាអតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣ បានចុះហត្ថលេខាបង្កើនកិច្ច សហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៤ ដែលបានអនុញ្ញាតឲ្យកងទ័ពអាមេរិក វិលចូលមកទឹកដីហ្វីលីពីនវិញ បន្ទាប់ពីប្រទេសអាស៊ានមួយបានសម្រេចឲ្យមានការដកចេញកាលពីអំឡុង ទសវត្សរ៍១៩៩០។ កន្លងមកលោក ឌូធើតេ ធ្លាប់បានប្រកាសធ្វើការដកនូវកងទ័ពពិសេសអាមេរិកចំនួន ១០០នាក់ផងដែរដែលជាកងកម្លាំងប្រឆាំងភេរវកម្ម ចេញពីទីក្រុង Zamboanga នៃខេត្តមីនដាណាវ ៕