(ឡុងដ៍)៖ កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា ចក្រភពអង់គ្លេសនិងអ៊ុយក្រែន បានចុះកិច្ចព្រមព្រៀងស្តីពីកម្ចីទំហំ២.២៦ពាន់លានផោន ឬស្មើនឹង២.៨៤ពាន់លានដុល្លារ ដើម្បីគាំទ្រសមត្ថភាពការពារជាតិរបស់ទីក្រុងកៀវ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ក្នុងពិធីមួយធ្វើឡើងតាមប្រព័ន្ធអនឡាញ ស្របពេលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានទទួលជួបពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងឡុងដ៍។ កម្ចីខ្ទង់ពាន់លានដុល្លារនោះ នឹងត្រូវសងមកវិញ តាមរយៈប្រាក់ចំណេញបានមក ពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលក្រុមប្រទេសលោកខាងលិច បានបង្កកទុក។
លោក ហ្សេលេនស្គី បាននិយាយថា កម្ចីថ្មី២.៨៤ពាន់លានដុល្លារនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងផលិតសព្វាវុធ នៅក្នុងប្រទេសរបស់លោក ហើយលោកបានអរគុណ ប្រជាជននិងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដ៏ធំធេងរបស់ពួកគេ ចាប់តាំងតែពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងដំបូងមកម្ល៉េះ។
គួរបញ្ជាក់ថា ទីក្រុងឡុងដ៍បានចាត់ទុក កិច្ចព្រមព្រៀងខាងលើ ជាសញ្ញានៃការបន្តគាំទ្រឥតងាករេរបស់ខ្លួន សម្រាប់ប្រជាជនអ៊ុយក្រែន។ លោក ហ្សេលេនស្គី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅចក្រភពអង់គ្លេស ក្រោយធ្វើដំណើរមកពីសហរដ្ឋអាមេរិក ជាទីដែលលោកប្រធានាធិបតីអ៊ុយក្រែន បានឈ្លោះប្រកែកគ្នាបែកផ្សែង ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខក្រុមអ្នកកាសែត ក្នុងសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍នេះ៕