(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រី្តអ៉ីស្រាអែល បានឱ្យដឹងនាថ្ងៃអាទិត្យ ទី២ ខែមីនាថា អ៉ីស្រាអែលបានយល់ព្រមចំពោះ សំណើមួយរបស់សហរដ្ឋអាមេរិក ដែលសំដៅពន្យារសុពលភាពបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាបណ្តោះអាសន្ន សម្រាប់ខែបុណ្យតមអាហារអ៉ីស្លាម រ៉ម៉ាឌន (Ramadan) និងបុណ្យរំលងរបស់ជនជាតិជ្វីហ្វ (Passover) ពោលគឺដល់ជាងពាក់កណ្តាលខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យរបស់លោក Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែល បានទទួលយកសំណើខាងលើ លោក Steve Witkoff ដែលជាប្រសិតទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បុណ្យ Ramadan មានរយៈពេលចាប់ពីថ្ងៃអាទិត្យនេះ រហូតដល់អំឡុងចុងខែមីនា ខណៈបុណ្យ Passover ឬ Pesach នឹងចាប់ផ្តើមនៅអំឡុងពាក់កណ្តាលខែមេសាខាងមុខ ហើយមានរយៈពេល៨ថ្ងៃ។

គួរបញ្ជាក់ថា ដំណាក់កាលទី១នៃបទឈប់បាញ់ហ្កាហ្សា ដែលចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា បានផុតសុពលភាព កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា។ ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់នេះ មានគោលដៅធានាឱ្យបាន នូវការដោះលែង​ចំណាប់ខ្មាំងរាប់សិបនាក់ទៀត ដែលបន្តជាប់ឃុំខ្លួនក្នុងហ្កាហ្សា ហើយត្រួសត្រាយផ្លូវ ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍។

បើតាមការិយាល័យលោក Netanyahu លោក Witkoff បានស្នើថា ការពន្យារសុពលភាពបណ្តោះអាសន្ននេះ គឺជារឿងចាំបាច់ ក្រោយមើលឃើញថា អ៉ីស្រាអែលនិងក្រុមហាម៉ាស កំពុងជាប់គាំងដំណើរការចរចាសម្រាប់ដំណាក់កាលបន្ទាប់ ហើយមិនទាន់អាចព្រមព្រៀងគ្នាបានភ្លាមៗ លើលក្ខខណ្ឌបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្រ្តៃយ៍៕