(ហ្កាហ្សា)៖​ ស្របពេលដែលដំណាក់កាលទីមួយនៃបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់​នៅតំបន់ហ្កាហ្សាមកដល់ពេលបញ្ចប់ ការចរចានៅដំណាក់កាលទីពីរដែលមានបំណងធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍មកទល់ពេលនេះ​ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសៅរ៍​ ទី១​ ខែមីនា​ ឆ្នាំ​ ២០២៥។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងគែរ ហើយអ្នកសម្រុះសម្រួលអេហ្ស៉ីបនិយាយថា មានកិច្ចពិភាក្សាយ៉ាងស៉ីជម្រៅនៅដំណាក់កាលទីពីរ​ ជាមួយនិងវត្តមានប្រតិភូមកពីកាតា និងអាមេរិក។

ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃសៅរ៍​ (ម៉ោងក្នុងតំបន់)​ មិនមានសញ្ញានៃការឯកភាពគ្នាទេ ហើយអ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា ក្រុមរបស់ខ្លួនបានច្រានចោលការបន្តបទឈប់បាញ់​ ដោយសារតែសំណេីរបស់អ៉ីស្រាអែល​។

មន្រ្តីប៉ាឡេស្ទីនម្នាក់​ ប្រាប់​ AFP ថា​អ៉ីស្រាអែលស្នេីពន្យារពេលបទឈប់បាញ់ដំណាក់កាលទី​ ១​ មួយសប្តាហ៍ទៀត​ ក្នុងគោលបំណងដោះដូរចំណាប់ខ្មាំង-អ្នកទោស។ ចំណែកក្រុមហាម៉ាស់វិញ បានជំរុញឱ្យមានដំណាក់កាលទី ២​ បន្ទាប់ពីក្រុមរបស់ទទួលរងការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសង្គ្រាមដ៏បំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា​ បទឈប់បាញ់រយៈពេល​ ៤២ថ្ងៃ​រវាងអ៉ីស្រាអែល​ និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃទី១៩​ ខែមករា។​ សង្រ្គាមជាង ១៥ខែបង្កឡើងដោយសារតែការវាយប្រហារថ្ងៃទី៧​ ខែតុលា ឆ្នាំ ២០២៣​ របស់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែល​សម្លាប់មនុស្សជាង​ ១​ ២០០នាក់។ ក្នុងចំណោមចំណាប់ខ្មាំង​អ៉ីស្រាអែល​ ២៥១នាក់​ ដែលត្រូវក្រុមហាម៉ាសចាប់ខ្លួនអំឡុងការវាយប្រហារនោះ​ គឺមាន​ ៥៨នាក់នៅសល់ក្នុងដៃក្រុមហាម៉ាស៕