ន័រវែស គ្រោងបង្កេីនជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន, នេះបេីតាមលោកនាយករដ្ឋមន្រ្តី Jornas Gahr Stoere
01-03-2025 20:12
(អូស្លូ)៖ ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុក នាថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រី Jonas Gahr Stoere បាននិយាយថា រដ្ឋាភិបាលន័រវែស នឹងស្នើឱ្យសភាបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ក្នុងពេលឆាប់ៗ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ ២០២៥។
សភាន័រវែសកាលពីចុងឆ្នាំមុន បានយល់ព្រមលេីការចំណាយសរុបចំនួន ៣.១២ពាន់លានដុល្លារលើការគាំទ្រផ្នែកយោធា និងស៉ីវិលសម្រាប់អ៊ុយក្រែន ក្នុងឆ្នាំ ២០២៥។
លោក Stoere បញ្ជាក់ថា «ខ្ញុំអាចនិយាយបាននៅថ្ងៃនេះថា យើងនឹងត្រលប់ទៅសភាវិញក្នុងពេលដ៏ខ្លីខាងមុខ ជាមួយនិងសំណើដើម្បីបង្កើនការគាំទ្រ»។
គួរបញ្ជាក់ថា លោក Stoere ត្រូវជួបបណ្តាមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យស្អែកនេះ បន្ទាប់ជំនួបលេីកដំបូងរវាងលោក ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ចប់ទៅដោយការទាស់ពាក្យសម្តីគ្នាជុំវិញបញ្ហាសង្រ្គាមជាមួយរុស្ស៉ី៕